យើងពិតធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំយើងឱ្យមានទម្លាប់ក្រោកពីព្រឹកឱ្យបានទៀងទាត់ ដើម្បីជួយឱ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្ដែប្រសិនបើយើងក្រោកពីព្រលឹមពេកក៏អាចបង្កជាគុណវិបត្តិសម្រាប់យើងផងដែរ។

១. ធ្វើឲ្យពិបាកនៅពេលរសៀល៖ បើគ្នាយើងក្រោកពីព្រឹកពេក គ្នាយើងច្បាស់ជាមានអារម្មណ៍ងងុយខ្លាំងនៅពេលថ្ងៃត្រង់។ ប៉ុន្តែសំណាងល្អ គ្នាយើងអាចដោះស្រាយបញ្ហាងងុយពេលថ្ងៃត្រង់បាន ដោយគ្រាន់តែបញ្ចេញសកម្មភាព ឬដើរឲ្យបានច្រើន គឺអាចដោះស្រាយបានហើយ។

២. ពិបាកក្រោកពីដំណេកនៅចុងសប្តាហ៍៖ តាមការចែករំលែកបទពិសោធកន្លងមក គ្នាយើងច្បាស់ជាកត់សម្គាល់យើង បើយើងមានទម្លាប់ក្រោកពីព្រឹកអំឡុងថ្ងៃធ្វើការ ពិសេសថ្ងៃច័ន្ទ អង្គារ៍ និងពុធ នៅថ្ងៃព្រហស្បត្តិ៍ សុក្រ ទោះយើងព្យាយាមក្រោកពីព្រឹក ក៏នៅតែមានអារម្មណ៍មិនសូវជាស្វាហាប់ដែរ ព្រោះអាចជាប់ពាក់ព័ន្ធថាមពលយើងបញ្ចេញនៅថ្ងៃដើមសប្តាហ៍។ ហេតុនេះ បើនិយាយដល់ថ្ងៃចុងសប្តាហ៍វិញ វានឹងកាន់តែពិបាកក្រោកមួយកម្រិតទៀត។

៣. ក្រោកពីព្រឹកធ្វើឲ្យយើងកាន់តែស្និទ្ធជាមួយទម្លាប់ផឹកកាហ្វេ៖ ជាធម្មតា គ្នាយើងមានទម្លាប់ក្រោកពីព្រឹក អាចនឹងមានទំនោរខ្លាំងទៅលើការញៀនកាហ្វេ ទាំងពេលក្រោកឡើងភ្លាម និងពេលថ្ងៃត្រង់។ គ្នាយើងមួយចំនួនត្អួញត្អែរថា ការបង្កើតទម្លាប់ក្រោកនៅពេលព្រឹក បានធ្វើឲ្យពួកគេត្រូវការកាហ្វេត្រឹមកន្លះពែងនៅពេលព្រឹក បែរជាកើនតម្រូវការផឹកកាហ្វេដល់ទៅ ២ពែង ពេលខ្លះ ៣ពែងក្នុងមួយថ្ងៃ នាំឲ្យងាយធ្លាក់ខ្លួនញៀនជាតិកាហ្វេអ៊ីនក្នុងរយៈពេលដ៏ខ្លី៕