ភ្នំពេញ៖ ធនាគារអេស៊ីលីដា បានលើកទឹកចិត្តដល់អតិថិជន របស់ខ្លួនឱ្យដាក់ប្រាក់បញ្ញើមានកាលកំណត់តាមអេស៊ីលីដាម៉ូបាលអេប ដោយផ្ដល់អត្រាការប្រាក់ខ្ពស់ជាងការដាក់ប្រាក់បញ្ញើនេះ តាមបញ្ជរផ្ទាល់ ។ការដាក់ប្រាក់បញ្ញើមានការកំណត់តាមម៉ូបាលអេប អតិថិជនឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់តាមបញ្ជរទៅទៀត ដោយចំណេញវេលានិងចំណេញអត្រាការប្រាក់ ។នេះបើតាមប្រសាសន៍លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់សារព័ត៌មានខេប៊ីអិន កាលពីពេលកន្លងទៅនេះ ។

លោកស្រីបានមានប្រសាសន៍បន្តថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ គឺជាផ្នែកមួយនៃការវិនិយោគ ដោយទទួលបានអត្រាការប្រាក់ប្រចាំខែ តែអ្វីដែលពិសេសនោះ ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមរយៈអេស៊ីលីដាម៉ូបាលអេប នឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់ប្រាក់បញ្ញើតាមបញ្ជរផ្ទាល់ ដោយសារតែ ធនាគារចង់លើកទឹកចិត្តនិងជំរុញឱ្យអតិថិជនប្រើប្រាស់ម៉ូបាលអេបឱ្យបានកាន់តែច្រើន ។ លោកស្រីនិយាយថា៖« អតិថិជនដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប អាចធ្វើការដាក់បានភ្លាមៗនិងចំណេញបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំថ្ងៃស្អែកនោះទេ បើរង់ចាំដល់ស្អែកអតិថិជនត្រូវខាតពេលអស់មួយថ្ងៃនិងខាតការប្រាក់អស់មួយថ្ងៃហើយ » ។

លោកស្រីបន្តទៀតថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺមិនតម្រូវឱ្យអតិថិជនធ្វើដំណើរទៅកាន់បញ្ជរដែលនាំឱ្យខាតពេលវេលា និងត្រូវចំណាយសម្រាប់ធ្វើដំណើរ ថែមទាំងមានអត្រាប្រាក់ទាបជាងការដាក់តាមម៉ូបាលអេបទៅទៀត ។លោកស្រីបញ្ជាក់ថា៖« អតិថិជនអាចដាក់ប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួនបានភ្លាមៗ នៅពេលគិតឃើញថាត្រូវដាក់ដើម្បីទទួលបានអត្រាការប្រាក់ ។ ហើយការដាក់តាមរយៈម៉ូបាលអេបភ្លាម អតិថិជននឹងទទួលបានឱកាសចំណេញភ្លាម តែបើអតិថិជនរង់ចាំថ្ងៃស្អែកឬថ្ងៃបន្តបន្ទាបទៀត អតិថិជននឹងខាតពេលវេលាក្នុងការទទួលបានអត្រាការប្រាក់ » ។

បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដា មានអ្នកកំពុងប្រើប្រាស់អេស៊ីលីដាម៉ូបាលអេប ជាង១,៧លាននាក់ ខណៈអ្នកដាក់ប្រាក់បញ្ញើរបសអេស៊ីលីដា មានជាង២,៥លាននាក់ និងមានផែនការទាញអ្នកដាក់ប្រាក់បញ្ញើរហូតដល់៣លាននាក់នៅពេលឆាប់ៗខាងមុខនេះ ៕