សក់ស្កូវជារឿង ធម្មតាដែលកើតមានលើមនុស្សទូទៅ នៅពេលចូលវ័យចំណាស់ ហើយវាលក្ខណៈធម្មជាតិដែលផ្ដល់ឱ្យ។ ប៉ុន្ដែសម្រាប់អ្នកខ្លះដមានសក់ស្កូវនៅវ័យក្មេងធ្វើឱ្យសម្រស់ធ្លាក់ចុះមួយកម្រិត។ មានសក់ស្កូវនៅវ័យក្មេងបែបនេះប្រជាពលរដ្ឋខ្មែរយើងច្រើនហៅថា ស្កូវមុនអាយុហើយគិតថាស្កូវនេះ បណ្ដាលមកពីមានរោគអ្វីម៉្យាងដែលពាក់ព័ន្ធទៅនឹងកោសិកាស្បែក និងសក់ទើបធ្វើឱ្យមានការប្រែពណ៌។

កាលណានិយាយពីសក់ គឺគេនឹកឃើញទៅដល់ស្បែកភ្លាម ដែលពណ៌សម្បុរស្បែកអាស្រ័យទៅលើកោសិកាស្បែកម៉្យាងឈ្មោះថា មេឡាណូសាយ។ មានន័យថា ទាំងស្បែក និងសក់ពណ៌ដូចគ្នា។ ម៉្យាងទៀតអ្នកដែលមានសក់ពណ៌ខ្មៅ ឬសក់ពណ៌ផ្សេងទៀត ដូចក្រហមស្លេក មានតាំងពីកំណើតមកគឺ អាស្រ័យទៅតាមហ្សែនដែលមាននៅ ក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ គេអាចកំណត់ពីមូលហេតុសក់ស្កូវមុនអាយុបានមួយចំនួនគឺ៖

មេតាប៉ូលីស៖ ការប្រែប្រួលរបស់ មេតាប៉ូសលីសដេលបំប្លែងរសារធាតុប្រូតេអ៊ីន ជាតិស្ករជាតិខ្លាញ់ និងបំប្លែងសារធាតុផ្សេងៗទៀត នៅក្នុងខ្លួនបណ្ដាលឱ្យពណ៌សក់មានការប្រែប្រួលខុសពីពណ៌សក់ធម្មជាតិ។

ការប្រើប្រាស់ឱសថ៖ ការទទួលទានឱសថមួយចំនួនដូចជាឱសថព្យាបាលជំងឺមហារីក ជំងឺគ្រុនចាញ់ ឬប្រើប្រាស់ឱសថ ដើម្បីបន្ថយសម្ពាធឈាម ក៏ជាកត្តាធ្វើឱ្យសក់មានការស្លក់ពណ៌បន្ដិចម្ដងៗ រហូតសក់ប្រែពណ៌ទៅជាស្កូវ។

ការកង្វះវីតាមីន៖ ភាពកង្វះវីតាមីនមួយចំនួន ដូចជាកង្វះវីតាមីនបេ១២ កង្វះជាតិដែកជាដើម ក៏ជាមូលហេតុធ្វើឱ្យសក់ ស្លក់ពណ៌ដែរ។

បញ្ហាលើស្បែក៖ ស្បែកមានជំងឺ ដូចជាកើតឃ្លង់ល្ពៅនៅលើស្បែក នៅត្រង់កន្លែងណាធ្វើឱ្យស្បែកកន្លែងនោះប្រែពណ៌ទៅជាសស្លែត ដោយសារកោសិកាស្បែកមេឡាណូសាយមកពាក់ព័ន្ធ ហើយបណ្ដាលឱ្យស្បែក និងសក់ប្រែពណ៌សក់ខុសពីធម្មជាតិ៕