ស៊ុតជាអាហារសម្បូរវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់ព្រមទាំងងាយស្រួលរកទិញ និងមានតម្លៃថោកទៀតផង។ ពងទាស្ងោរក៏ជាមុខម្ហូបពេញនិយមសម្រាប់មនុស្សទូទៅដែរ។ តោះ មករៀនស្ងោរពងទាទាំងអស់គ្នា។

ពងទាឆ្ងាញ់ពេលស្ងោរហើយត្រូវតែផ្នែកខាងស និងក្រហមនៅទន់មានជាតិទឹក មិនឆ្អិនពេកនោះទើបគេហៅថាស្ងោរពងទាបានល្អ និងមានរសជាតិឆ្ងាញ់។ ដំបូងយើងត្រូវជ្រើសយកពងចេញពីបន្ទប់រក្សាកម្ដៅឬអាចប្រើពងទាដែលយកចេញពីទូរទឹកកកតែត្រូវដាក់នៅខាងក្រៅឱ្យបាន៣០នាទីសិន ដើម្បីការពារប្រេះ ឬបែកពេលស្ងោរ។

បន្ទាប់មកចាក់ទឹកចូលឆ្នាំង រួចដាក់ដាំរហូតដល់ទឹកពុះ បន្ទាប់មកដាក់ពងទាចូល ស្ងោរវាដោយប្រើកម្ដៅមធ្យម និងកំណត់ម៉ោង។ ប្រើចង្កឹះកូរពងក្នុងឆ្នាំង ដើម្បីឱ្យផ្នែកពណ៌លឿងនៅចំកណ្ដាល និងក្ដៅបានសព្វល្អ។ រួចយកពងទាស្ងោររួចដាក់ក្នុងទឹកត្រជាក់ លាយជាមួយទឹកកកដើម្បីកុំឱ្យពងផ្នែកពណ៌លឿងនៅក្ដៅ និងសម្រួលដល់ការបកសម្បក។ ជាចុងក្រោយ បកសម្បកចេញ រួចអាចញ៉ាំបានហើយ៕