យើងតែងតែចំណាំថា ឱ្យតែពេលយើងផឹកស្រា ឬស្រាបៀររាងកាយយើងមានអារម្មណ៍ថាក្ដៅ ចេញចំហាយក្ដៅភាយៗពីក្នុងខ្លួនមក។ មានគ្នាយើងខ្លះគិតថា នៅក្នុងរដូវរងា ឬក្នុងថ្ងៃណាដែលមានអាកាសធាតុត្រជាក់ បើយើងផឹកស្រាវាអាចជួយរក្សាកម្ដៅក្នុងរាងកាយ និងផ្ដល់ភាពកក់ក្ដៅឱ្យយើងបានថែមទៀត។

ប៉ុន្ដែតាមការស្រាវជ្រាវកន្លងមក ស្រាកាត់បន្ថយសីតុណ្ហភាពស្នូលនៃរាងកាយរបស់យើង និងបង្កើនហានិភ័យដល់អាការៈថយចុះកម្ដៅរបស់រាងកាយយើងវិញ។ ដោយសារជាតិអាល់កុលពង្រីកសរសៃឈាមក្នុងខ្លួនយើង ជាហេតុធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅបានតែដំបូង តែវាធ្វើឱ្យរាងកាយយើងពិបាកក្នុងការពង្រួមសរសៃឈាមមកធម្មតាវិញដែរ។ ក្រោយពេលផឹកស្រាបានមួយកែវរួច រាងកាយយើងនឹងព្យាយាមប្រឆាំងកម្ដៅ ដែលបណ្ដាលមកពីការកើនឡើងលំហូរឈាមទៅស្បែក ដោយបង្កើនអត្រានៃការបែកញើសជាលទ្ធផលបណ្ដាលឱ្យរាងកាយយើងបាត់បង់សីតុណ្ហភាពក្ដៅកាន់តែខ្លាំង។

លើសពីនេះ យើងក៏អាចការពារខ្លួនយើងពីបញ្ហាឡើងត្រជាក់ ឬរក្សាសីតុណ្ហភាពឱ្យបានល្អក្នុងអាកាសធាតុត្រជាក់ដោយមិនចាំបាច់ប្រើគ្រឿងស្រវឹងបាន ដោយស្លៀកសម្លៀកបំពាក់ច្រើនជាន់ ពាក់ស្រោមដៃ ស្រោមជើង និងចៀសវាងរាងកាយសើមរយៈពេលយូរដូចជា ពេលហែលទឹក ឬងូតទឹកជាដើម៕