(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាខែកុម្ភៈ ឆ្នាំ២០២១ខាងនេះ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិក្រោមក្រោមប្រធានបទ «តែងតែទាន់សម័យ» ជាមួយស្រោមអនាម័យ! ដោយមានការប្រារព្ធទិវាដោយផ្ទាល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយសម្រាប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ និងមាន concert Online ផងដែរ។

AHF ក៏បានប្រកាសឲ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន ដើម្បីក្រើនរំលឹកដល់គ្រប់គ្នាពីសារៈសំខាន់នៃការទទួលបានស្រោមអនាម័យដោយ ឥតគិតថ្លៃ និងតាមតម្រូវការស្រោមអនាម័យដែលជាជម្រើសដ៏ល្អសម្រាប់ការពារខ្លួនពីការចម្លងកាមរោគ និងមេរោគអេដស៍។

AHF បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិចាប់តាំងពីឆ្នាំ២០០៨ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្សព្វផ្សាយពីស្រោមអនាម័យនិងការប្រើប្រាស់ពីព្រោះស្រោម អនាម័យមានសារៈប្រយោជន៍ជាចំបងសម្រាប់ការពារខ្លួនពីការចម្លងកាមរោគ មេរោគអេដស៍ និងការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

ទិវាអន្តរជាតិមួយនេះ ប្រារព្ធធ្វើឡើងដើម្បីផ្សាភ្ជាប់ជាមួយនឹងទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់ AHF ដែលមានទីតាំងនៅបណ្តាប្រទេសផ្សេងៗទូទាំងសកលលោក កំពុងរៀប ចំព្រឹត្តការណ៍កម្សាន្តសប្បាយ ការអប់រំផ្សេងៗជាច្រើនតាមបណ្តាញសង្គម និងដោយផ្ទាល់ក្រោមប្រធានបទ«តែងតែទាន់សម័យ» សម្រាប់ទិវាស្រោមអនាម័យ ២០២១!។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងថា ជំងឺកូវីដ១៩ បន្តការប៉ះពាល់ក្នុងការទទួល ស្រោមអនាម័យក៏ប៉ុន្តែវានៅតែទាន់សម័យ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២១ ជារឿងដ៏សាមញ្ញដែលអាចទទួលយកបាន ជាមួយការខិតខំ ដើម្បីឲ្យមានស្រោមអនាម័យគ្រប់ទីកន្លែងទាំងអស់ ដើម្បីឱ្យប្រជាជនទូទៅបានយល់ថា ស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតសម្រាប់ជីវិតរស់នៅ និងធានាឱ្យបានថា ស្រោមអនាម័យមានគ្រប់គ្រាន់ និងងាយស្រួលទទួលបានតាមតម្រូវការរបស់មនុស្សទាំងសកល។

អ្នកស្រី Terri Ford នាយកផ្នែកគោលនយោបាយ និងតស៊ូមតិសកលរបស់ អង្គការ AHF បានឱ្យដឹងថា ការបិទប្រទេសនិងការរឹតត្បិតដោយសារតែមេរោគកូវីដ១៩ នៅតែបន្តគំរាមកំហែងចំពោះការទទួលបានស្រោមអនាម័យ ជាពិសេសប្រទេសជាច្រើនដែលអស់ស្រោមអនាម័យពីស្តុក និងមានឧបសគ្គជាច្រើន ដែលធ្វើឲ្យមាន ការលំបាកដល់ប្រជាជនទទួលស្រោមអនាម័យ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅតែខិតខំប្រឹងប្រែងដើម្បីឲ្យប្រាកដថា ប្រជាជនទាំងអស់ទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងតាមតម្រូវការ។ សម្រាប់ទិវាស្រោមអនាម័យអន្តរជាតិនេះ ផ្តោតតែមួយគត់គឺ «តែងតែទាន់សម័យ» និង «សុវត្ថិភាពគឺសិចស៊ី» សម្រាប់ទិវាស្រោមអនាម័យ ២០២១ គឺលើកទឹកចិត្តឱ្យគ្រប់ គ្នានៅតាមបណ្តាប្រទេសទាំង៤៥ រៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយ និងបន្តការផ្សព្វផ្សាយពីសារៈសំខាន់នៃស្រោមអនាម័យដែលអាចទទួលបានគ្រប់ៗគ្នា។

លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHF ទូទាំងសកលលោក បានឱ្យដឹងដែរថា «យើងតែតែចាត់ទុកស្រោមអនាម័យនៅក្នុងបញ្ជីអាទិភាពរបស់យើង»។ ទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យនូវវេទិកាមួយដើម្បីអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នសុខភាពសាធារណៈ ដើម្បីធានាថា ប្រជាជនមានឧបករណ៍ដើម្បីការពារខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលជាពិសេសបំផុតនៅពេលដែលយើងនៅតែឃើញមានការឆ្លងមេរោគអេដស៍ថ្មីចំនួន ១.៧លាននាក់ជារៀងរាល់ឆ្នាំ។

សម្រាប់ព័ត៌មានព្រឹត្តិការណ៍របស់ AHF ពិភពលោក និងក្នុងតំបន់ ក៏ដូចជាទិវាស្រោមអនាម័យអន្តរជាតិ (ICD) សូមចូលទៅកាន់គេហទំព័រ៖ www.internationalcondomday.org ឬ .com សម្រាប់ព័ត៌មានលម្អិតអំពីអង្គការ AHF សូមចូលទៅកាន់គេហទំព័រ: www.aidshealth.org ទំព័រហ្វេសប៊ុក: www.facebook.com/aidshealth, AHF Cambodia.com និង Twitter: @aidshealthcare ឬ Instagram: @aidshealthcare ៕