ភ្នំពេញ ៖ កាលពីមុន អតិថិជនដែលបើកគណនីបញ្ញើសំចៃក្នុងធនាគារអេស៊ីលីដាដំបូង ខាងធនាគារបានតម្រូវឱ្យអតិថិជនដាក់ប្រាក់ដំកល់យ៉ាងតិច ១០ដុល្លារ សម្រាប់គណនីជាដុល្លារ និង១ម៉ឺនរៀលសម្រាប់គណនីជាប្រាក់រៀល ហើយប្រាក់ដំកល់នេះអតិថិជនអាចដកប្រើប្រាស់ពេលណាក៏បាន ។ តែពេលនេះ ធនាគារអេស៊ីលីដា លែងតម្រូវឱ្យអតិថិជនដាក់ប្រាក់ដំកល់នោះទៀតហើយ ។

នេះបើតាមលោកស្រីសុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី ថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេប៊ីអិន កាលពីពេលថ្មីៗនេះ លោកស្រីសុខ សោភា បានមានប្រសាសន៍ថា គណនីបញ្ញើសំចៃ ជាគណនីមួយដែលអតិថិជនដាក់ប្រាក់ក្នុងគណនីជាការសន្សំ និងអាចដកចាយវាយតាមម៉ាស៊ីនអេធីអឹម តាមបញ្ជរ ឬតាមប្រតិបត្តិការអេស៊ីលីដាម៉ូបាលតាមតម្រូវការជាក់ស្ដែង ។ គណនីប្រភេទនេះ កាលពីមុនខាងធនាគារតម្រូវឱ្យអតិថិជនដាក់ប្រាក់ដំកល់ រាល់ពេលបើកប្រតិបត្តិការដំបូង តែពេលនេះ យើងលែងតម្រូវបែបនេះទៀតឡើយ ។ លោកស្រីនិយាយថា៖« ប្រាក់ដំកល់របស់អតិថិជនដែលធនាគារតម្រូវឱ្យដាក់នៅពេលបើកគណនីនេះ មិនមែនធនាគារយករបស់អតិថិជននោះទេ ។ ប្រាក់ដំកល់នោះគឺជារបស់អតិថិជន ហើយអតិថិជនអាចធ្វើការដក ចាយវាយបានតាមចិត្ត » ។

លោកស្រីបន្តថា មកដល់ពេលនេះ ធនាគារលែងតម្រូវឱ្យអតិថិជន ដាក់ប្រាក់ដំកល់ទៀតឡើយ អតិថិជនអាចដាក់ក៏បាន អត់ដាក់ក៏បាន ។ នេះគឺជាការសម្រួលភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់ខ្លួន ក្នុងការបើកគណនីបញ្ញើសំចៃ ហើយអតិថិជនអាចដាក់ប្រាក់ក្នុងគណនីនេះ នៅពេលបន្ទាប់ក៏បាន ។

យោងតាមគេហទំព័ររបស់ធនាគារអេស៊ីលីដា ឱ្យដឹងថា ការសម្រេចចិត្តបើកគណនីសំចៃជាមួយនឹងធនាគារ អេស៊ីលីដា អតិថិជននឹងទទួលបានអត្រាការប្រាក់យ៉ាងល្អគួរឱ្យពេញចិត្ត ហើយអតិថិជនក៏អាចផ្ញើជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុងវៀតណាម ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារកាណាដា ប្រាក់យេនជប៉ុន ប្រាក់ផោនអង់គ្លេស ឬប្រាក់គីបឡាវ និងទទួលបានការប្រាក់រៀងរាល់ខែ អាស្រ័យលើសមតុល្យនៃប្រាក់បញ្ញើ ។ ដូច្នេះបើអតិថិជនដាក់ប្រាក់ក្នុងគណនីបញ្ញើសំចៃនេះកាន់តែច្រើន នោះអតិថិជននឹងទទួលបានអត្រាការប្រាក់ក៏កាន់តែច្រើនដូចគ្នា ។

រាល់ចម្ងល់ឬមានបញ្ហាអ្វីបន្ថែមពីសេវាធនាគាររបស់អេស៊ីលីដា អាចទំនាក់ទំនងទៅកាន់លេខ ទូរសព្ទ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣ ឬក៏អាចធ្វើដំណើរទៅកាន់ការិយាល័យរបស់ធនាគារអេស៊ីលីដា ដែលមាន២៦២ការិយាល័យទូទាំងរាជធានី ខេត្ត ៕