ខេត្តពោធិ៍សាត់៖ កូនកំលោះក្រមុំមួយគូកំពុងតែរៀបពិធីមង្គលការ ហើយទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធម ស្រាប់តែជនបង្កម្នាក់បានចូលទៅបង្កការអុកឡុក កាប់ប្រហារគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ រួចហើយរត់គេចខ្លួនបាត់ស្រមោល កាលពី​វេលាម៉ោង៩ និង៤៥នាទី យប់ ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងរោងរៀបអាពាហ៍ពិពាហ៍មួយកន្លែង ស្ថិតក្នុងភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សានោះ លោក​ អឿន អាង ​អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ  និងដណ្ដងរបស់គាត់ បានឯកភាពគ្នា កំណត់យកថ្ងៃទី៦ ខែកុម្ភៈ ជាពិធិ​រៀបចំពិធីមង្គលការកូនប្រុសស្រីរបស់ពួកគាត់។ លុះថ្ងៃពិធីមង្គលការចូលមកដល់ ក៏រៀបចំតាមប្រពៃណី ដោយមានភ្ញៀវប្រុសស្រីទាំងសងខាង បានមកចូលរួមឲ្យពរជ័យសិរីសួស្ដី។ ស្របពេលនោះ​ ជនរងគ្រោះ ក៏បានមកចូលរួម និងរាំកម្សាន្ដលេងនាពេលរាត្រីយ៉ាងសប្បាយផងដែរ ប៉ុន្ដែស្រាប់តែ​មកដល់វេលាខាងលើ ជនបង្កក៏បានកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់។​

ប្រភពព័ត៌មានដដែល បានបន្ដថា ជនរងគ្រោះ ឈ្មោះ លឿត ផល្លា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជន​រ​ងគ្រោះ​បានរងរបួសក្បាល(ធ្ងន់) ហើយត្រូវបញ្ជូនព្យាបាលទៅកាន់​មន្ទីរពេទ្យ ដោយដេរចំនួន១២ថ្នេរ ។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ជនសង័្សយបានចូលទៅកាប់ប្រហារជនរងគ្រោះខាងលើនេះ ដោយសារពួកគេគិតថា ជាគូទំនាស់របស់ខ្លួន។ ប៉ុន្ដែក្រោយពេលកាប់ប្រហាររួច ទើបជនដៃដល់ដឹងថា ពួកគេកាប់ច្រឡំមនុស្ស។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារបស់ជនសង័្សយយ៉ាងច្បាស់លាស់ហើយ ដោយពួកគេមានគ្នា២នាក់។ រីឯសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនដៃដល់នាំមកផ្ដន្ទាទោសតាមច្បាប់៕