ភ្នំពេញ៖ ឆ្នាំ២០២១នេះ អតិថិជនរបស់ធនាគារអេស៊ីលីដា ពិតជាមានឱកាសក្នុងការទទួលបាន នូវផលចំណេញនឹងភាពងាយក្នុងកាន់តែខ្លាំង ក្នុងនោះកាលពីចុងឆ្នាំ២០២០ ធនាគារបានប្រកាសមិនយកកម្រៃសេវាពីអតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល ហើយពេលនេះ ធនាគារក៏បានប្រកាសផ្ដល់អត្រាការប្រាក់បន្ថែមទៀតទៅលើគណនីចរន្តផ្លើសរបស់អតិថិជនខ្លួនផងដែរ ។

តាមនិយមន័យធនាគារថា គណនីចរន្តផ្លើស ជាគណនីចរន្តមួយប្រភេទ របស់អតិថិជនដែលបានរក្សាប្រាក់បញ្ញើរបស់ខ្លួនក្នុងគណនីធនាគារដែលបានកំណត់ ហើយគណនីនេះ អនុញ្ញាតឱ្យអតិថិជនអាចដាក់ឬដកប្រាក់បានតាមតម្រូវការនិងគ្រប់ពេលវេលា ។

លោកស្រី សុខ សោភា នាយកប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា កាលពីមុន គណនីមួយនេះ វាគ្រាន់តែជាគណនីមួយសម្រាប់ឱ្យអតិថិជនដកសាច់ប្រាក់ទៅប្រើប្រាស់ជាក់ស្ដែងតាមមូលប្បទានប័ត្រតែប៉ុណ្ណោះនិងមិនមានការប្រាក់នោះទេ តែពេលនេះ អតិថិជនដែលដាក់ប្រាក់បញ្ញើនៅក្នុងគណនីចរន្តផ្លើស នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីលើអ្វីដែលមានពីមុនគឺទទួលបានការប្រាក់ផងដែរ ។

លោកស្រីបន្តថា ទាំងនេះគឺជាអ្វីដែលធនាគារផ្ដល់ជូនអតិថិជន ដើម្បីឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត និងមានផលចំណេញដល់អតិថិជនផងដែរ ។
យោងទៅតាមសេចក្តីណែនាំរបស់ធនាគារ ក៏បានបង្ហាញផងដែរថា អតិថិជនអាចស្នើសុំបើកគណនីជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ហើយត្រូវស្នើសុំជាវមូលប្បទានបត្រ ដើម្បីប្រើប្រាស់តាមគោលការណ៍ ។

អតិថិជនអាចដាក់ប្រាក់បញ្ញើក្នុងគណនីតាមចំនួនកំណត់ដែលអាចទទួលបានអត្រាការប្រាក់ឬតាមលទ្ធភាពជាក់ស្ដែង ។ ការដាក់ប្រាក់ក្នុងគណនីចរន្តផ្លើស គឺអាចធ្វើទៅបានតាមរយៈ ការដាក់តាមបញ្ជរ ម៉ាស៊ីនដាក់ប្រាក់ CRM ឬផ្ទេរប្រាក់ចូលតាមរយៈសេវាធនាគារអេឡិចត្រូនិក (Digital ) ឬសេវាបញ្ជាអចិន្ត្រៃយ៍ថេរ ជាដើម ។ អតិថិជនក៏អាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ឬទូទាត់ផ្សេងៗតាមតម្រូវការ ។ មធ្យោបាយក្នុងការដកប្រាក់ និងទូទាត់នៅតាមបញ្ជរ ឬទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។