ភ្នំពេញ ៖ នៅពេលប្រព័ន្ធធនាគារកាន់តែមានការទុកចិត្តពីសំណាក់ពលរដ្ឋ ពេលនោះប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារក៏កាន់តែមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ហើយការដាក់ប្រាក់បញ្ញើក្នុងធនាគារនេះដែរគឺជាផ្នែកមួយនៃការវិនិយោគរបស់អតិថិជនឆ្លាតវៃ និងទទួលបានផលចំនេញដោយមិនដឹងខ្លួន ។

ការដាក់ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានមើលឃើញថាភាគច្រើនធ្វើឡើងតាមបញ្ជរ ដែលតម្រូវឱ្យអតិថិជនត្រូវទៅធ្វើដំណើរទៅកាន់បញ្ជរធនាគារនីមួយៗ ដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់របស់ខ្លួន ។ តែ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ការដាក់បញ្ញើ ក៏ត្រូវឡើងតាមរយៈម៉ូបាលអេបវិញម្ដង ។

លោកស្រីសុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារអេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺទទួលបានអត្ថប្រយោជន៍ច្រើនជាងការដាក់តាមបញ្ជរហើយទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់នៅតាមបញ្ជរផងដែរ ។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេប គឺមិនតម្រូវឱ្យអតិថិជនធ្វើដំណើរទៅកាន់បញ្ជរដែលនាំឱ្យខាតពេលវេលា និងត្រូវចំណាយសម្រាប់ធ្វើដំណើរ ថែមទាំងមានអត្រាប្រាក់ទាបជាងការដាក់តាមម៉ូបាលអេបទៅទៀត ។លោកស្រីនិយាយថា៖‍« ធនាគារ បាននិងកំពុងលើកទឹកចិត្តដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់បញ្ញើតាមរយៈម៉ូបាល ហើយអតិថិជនក៏អាចដាក់បានភ្លាមៗ នៅពេលខ្លួននឹកឃើញភ្លាម ព្រមទាំងអាចចំណេញបានភ្លាមៗផងដែរ » ។

លោកស្រីបន្តថា អតិថិជនរបស់អេស៊ីលីដា អាចដាក់ប្រាក់បញ្ញើមានកាលកំណត់១ខែ ២ខែ ឬ៣ខែ ទៅតាមការចង់បានរបស់អតិថិជន បើសិនជាអតិថិជនគិតថាទឹកប្រាក់នោះ មិនទាន់ប្រើប្រាស់ ដូច្នេះពួកគាត់អាចដាក់ចូលទៅកាន់គណនីមានកាលកំណត់តាមម៉ូបាលអេប នឹងទទួលបានប្រាក់ចំណេញច្រើនជាងការដាក់តាមបញ្ជរ ។

លោកស្រីបន្ថែមថា អ្វីដែលពិសេសសម្រាប់ឆ្នាំ២០២១នេះ គណនីចរន្តផ្លើស ក៏បានផ្ដល់អតិថិជនដល់អតិថិជនរបស់ខ្លួនដែរ ។ រាល់ប្រតិបត្តិការគឺនៅរក្សាដដែល ដោយអតិថិជនអាចដកឬប្រើប្រាស់ទឹកប្រាក់ដែលមានក្នុងគណនីនោះដដែល តែធនាគារនឹងបន្ថែមអត្រាការប្រាក់ជូនអតិថិចនពីលើអ្វីដែលធ្លាប់មានពីមុន ។ នេះគឺជាអ្វីដែលធនាគារផ្ដល់ជូនអតិថិជនដែលគាំទ្រធនាគារកន្លងមកនិងបន្តគាំទ្របន្តទៀត ។

បើតាមលោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងកន្លងមកថា ក្នុងឆ្នាំ ២០២១ ធនាគារនឹងជំរុញឱ្យអតិថិជនប្រើប្រាស់អេបរបស់ខ្លួនកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ មានអតិថិជនប្រមាណ១,៧លាននាក់កំពុងប្រើប្រាស់រួចហើយ ។ ហើយធនាគារក៏នឹងទាក់ទាញយកអតិថិជនដាក់ប្រាក់បញ្ញើសន្សំឱ្យបាន៣លាននាក់ផងដែរ ក្នុងឆ្នាំ២០២១នេះ ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់៣៣,៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈឥណទានអតិថិជនបានកើនឡើងដល់ ៣៧,៣ពាន់លានដុល្លារ ឬស្មើនឹង១១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕