ខេត្តសៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានផ្ទុះកំហឹងស្ទុះទៅដល់អ្នកកាសែតម្នាក់ នៅក្នុងហាងផឹកស៊ីមួយកន្លែង បណ្តាលឲ្យបែកមាត់ រួចដកកាំភ្លើងបាញ់១បាញ់មេឃ១គ្រប់ ដើម្បីបញ្ចេញកំហឹងពេលខ្មោចស្រាចូលខ្លួន។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងហាងផឹកស៊ីយីហោ មហាលាភ ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ជនដៃដល់ មានឈ្មោះ ផល អាយុ៤៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថ ។ ចំណែក ជនរងគ្រោះមានឈ្មោះ តាំង ហូរ មុខរបរជាអ្នកសារព័ត៌មាន។

លោកតាំង ហូរ ជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានអង្គុយផឹកស៊ីក្នុងហាងខាងលើ ដោយមានគ្នា ៤-៥នាក់ ក្នុងនោះមាន ឈ្មោះ ផល (ជនបង្ក) ផងដែរ។ ក្រោយមក មិត្តភក្តិបានត្រឡប់ទៅផ្ទះវិញអស់ នៅដល់តែរូបលោក និងជនដៃដល់តែប៉ុណ្ណោះ ។ ពេលនោះ ជនបង្កបានការនិយាយដៀមដាម មើលងាយអ្នកសារព័ត៌មាន ដូចជារូបលោក ទើបបានឆ្លើយតបប្រាប់ជនបង្ក កុំឲ្យនិយាយប្រមាថលើអ្នកដទៃ។

ជនរងគ្រោះបន្តថា ពេលនោះ ស្រាប់តែជនបង្កបានផ្ទុះកំហឹង ហើយស្ទុះទៅដាល់មួយដៃ បណ្តាលឲ្យបែកមាត់ ទើបមានការប្រតាយប្រតប់គ្នា ហើយជនបង្កទាញកាំភ្លើងខ្លីម៉ាក៥៤បាញ់សំដៅមកលើរូបលោក តែប៉ងសម្លាប់ តែសំណាងល្អលោកបានរត់គេចខ្លួនទាន់ពេលវេលា។

ជុំវិញនឹងករណីនេះ គេនៅមិនទាន់ដឹងថា លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នឹងមានចំណាត់យ៉ាងណា ចំពោះលោក ផល ជាកូនចៅ ដែលដើរទៅផឹកស៊ីស្រវឹង ហើយដកកាំភ្លើងបាញ់បោះតាមទំនើងចិត្តបែបនេះ។

ជុំវិញនឹងការចោទប្រកាន់នេះ «KBN» មិនអាចសុំការបញ្ជាក់ពីលោក ផល អាយុ៤៥ឆ្នាំ បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕