យើងបានដឹងរួចមកហើយថា ផ្លែទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ (សម្រាប់អ្នកចេះញ៉ាំ) ទើបមនុស្សដែលមានជីវភាពសមរម្យមិនងាយរំលងផ្លែឈើមួយនេះ ពេលដល់រដូវកាលរបស់វាម្ដងៗ។ យ៉ាងណាមិញផ្លែទុរេនមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងមានបង្កប់នូវគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនផងដែរ៖
១. ជំនួយដល់ស្បែក
នៅក្នុងផ្លែទុរេនមានសារធាតុអង់ទីអុកស៊ីដង់ និងជាតិទឹក ដែលជួយចិញ្ចឹមស្បែកធ្វើអោយបាត់ភាពជ្រីវជ្រួញ និងស្បែកទន់រលោង។
២. មិនធ្វើអោយឡើងទម្ងន់
ជាការពិតណាស់ ទុរេនជាផ្លែឈើដែលអាចជួយផ្ដល់ថាមពល តែវាគ្មានជាតិកូឡេស្ដេរ៉ុលនោះទេ។ ផ្ទុយទៅវិញ ជាតិសរសៃ និងសារធាតុរ៉ែ រឹតតែធ្វើអោយអ្នកស្រកទម្ងន់ទៀតផង។
៣. ប្រឆាំងនឹងជម្ងឺមហារីក
ផ្លែទុរេនគឺសម្បូរទៅដោយពួកអង់ទីអុកស៊ីដង់ ក្រោមទម្រង់ជាវីតាមីន B Complexe, C និង E។ ពួកអង់ទីអុកស៊ីដង់ទាំងនោះ នឹងទៅបង្អាក់សកម្មភាពពួករ៉ាឌីកាល់សេរីដែលតែងតែបំផ្លាញ DNA និងតួនាទីរបស់កោសិកាល្អៗ ជាហេតុឈានទៅរកការកើតជម្ងឺមហារីក។ ដូច្នេះទុរេនអាចការពាររាងកាយពីជម្ងឺមហារីកដោយសារមានពួកអង់ទីអុកស៊ីដង់ទាំងអស់នោះ។
៤. សម្រួលដល់ការរំលាយអាហារ
ពិតណាស់ ផ្លែទុរេនក៏មិនខុសពីផ្លែឈើមួយចំនួនទៀតដែរ គឺវាមានផ្ទុកជាតិសរសៃ (Fiber) ដែលជួយអោយប្រព័ន្ធរំលាយអាហារដើរបានស្រួល ការពារការទល់លាមក។ មិនតែប៉ុននោះ វីតាមីន B1 និង B3 ដែលមានក្នុងទុរេនអាចជួយរក្សាតុល្យភាពនៃរបបអាហារផងដែរ។
៥. ជាជំនួយដល់ស្ត្រីអោយមានកូន
ការសិក្សាមួយបានបង្ហាញថា នៅក្នុងផ្លែទុរេនមួយផ្លែ មានផ្ទុកអរម៉ូន Estrogen ដែលជាអរម៉ូនភេទសម្រាប់ស្រ្តីវាមាននាទីជួយអោយមានការបង្កកំណើត។
៦. បង្កើនភាពស៊ាំក្នុងរាងកាយ
ទុរេនសម្បូរទៅដោយពួកវីតាមីន C ដែលជួយពង្រឹង ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទប់ទល់នឹងជំងឺទូទៅ ដូចជា ផ្ដាសាយ និងការឆ្លងមេរោគវីរុសផ្សេងៗទៀត។
៧. ជំនួយសុខភាពឆ្អឹង
នៅក្នុងសាច់ទុរេន មានផ្ទុកនូវជាតិប៉ូតាស្យូមយ៉ាងច្រើន និងជាតិកាល់ស្យូមខ្លះៗផងដែរ។ ប៉ូតាស្យូមមាននាទីធានាបរិមាណកាល់ស្យូមក្នុងឆ្អឹង និងបន្ថយការបញ្ចេញកាល់ស្យូមតាមរយៈតម្រងនោម។ បរិមាណកាល់ស្យូមគ្រប់គ្រាន់នឹងធ្វើអោយឆ្អឹងរឹងមាំ ការពារឆ្អឹងស្ពោត និងជម្ងឺឆ្អឹងដទៃៗទៀតផងដែរ។

បន្ថែមពីលើនេះផ្លែទុរេន ក៏អាចផ្តល់នូវគុណវិបត្តិមួយចំនួនដល់សុខភាពផងដែរដូចជា៖
១. សម្បួរជាតិស្ករច្រើន
ទុរេនមានផ្ទុកជាតិស្ករច្រើនណាស់ ដូចនេះ អ្នកមានជម្ងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះមិនគួរទទួលទាននោះទេ ឬអាចញ៉ាំបានក្នុងបរិមាណតិចតួចបំផុត។
២. ផ្ទុកជាតិខ្លាញ់
ថ្វីបើទុរេនគ្មានជាតិកូឡេស្តេរ៉ុលមែន តែវាមានផ្ទុកជាតិខ្លាញ់ផ្សេងទៀត ៥ក្រាមក្នុង ១០០ក្រាមនៃសាច់ទុរេន។ ខ្លាញ់នៅក្នុងទុរេនមិនប៉ះពាល់ដល់សុខភាពដូចខ្លាញ់សត្វទេ ប៉ុន្តែករណីអ្នកញ៉ាំទុរេនច្រើនពេក វានឹងបង្កើនកម្រិតកូឡេស្តេរ៉ុលដោយមិនផ្ទាល់ក្នុងរាងកាយ។
៣. បង្កើតកម្ដៅរាងកាយ
ទុរេនជាប្រភេទផ្លែឈើដែលបង្កើនកម្ដៅអោយរាងកាយ ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹមជាច្រើន។ ដូច្នេះបើអ្នកពិសាទុរេនច្រើនពេកនោះ រាងកាយរបស់អ្នកនឹងឡើងកម្ដៅ ហើយអាចធ្វើអោយមានការឈឺពោះ ចង្អោរ និងទល់ខ្យល់ផងដែរ។