រាជធានីភ្នំពេញ៖ ក្រោយការទទួលបានតំណក់ប្រេងជាលើកដំបូងនោះមក កម្ពុជានឹងចាប់ផ្ដើមដំណើរការលើផលិតកម្មរ៉ែម៉ាសជាលើកដំបូង នៅក្នុងឆ្នាំ២០២១ ដោយទទួលបានមាសប្រហែល ១០ម៉ឺនអោន ឬប្រែល៣តោន ក្នុង១ឆ្នាំ ហើយវានឹងជួយដល់សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

មន្ត្រីជាន់ខ្ពសក្រសួងរ៉ែ  បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគលើការរុករករ៉ែមាស នៅកម្ពុជា នឹងចាប់ផ្តើមដំណើរការផលិតកម្មរ៉ែមាស ជាលើកដំបូង នៅឆ្នាំ២០២១នេះ។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា ​​អាចនឹងទទួលបានមាស ក្នុងបរិមាណ១០ម៉ឺនអោន (ប្រហែល៣តោន) ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនវិនិយោគលើការរុករករ៉ែមាសនេះ ជាក្រុមហ៊ុន​​ទទួលបាន​សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ​ជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅត្រីមាសទី២ នៅក្នុងឆ្នាំ២០២១។ រីឯទីតាំងដែលក្រុមហ៊ុននេះកំពុងតែដំណើរការអភិវឌ្ឍ​រ៉ែមាសនោះ ​ស្ថិតក្នុងតំបន់អូរខ្វាវ ​ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក យស មុនីរ៉ាត់ អគ្គនាយក​ នៃអគ្គនាយកដ្ឋានរ៉ែ បានថ្លែងថា ការប្រកាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការចាប់ផ្ដើមផលិតកម្មរ៉ែមាស ជាលើកដំបូងរបស់ខ្លួន នៅត្រីមាសទី២ ក្នុងឆ្នាំនេះ គឺពិតជារឿងត្រឹមត្រូវ។ រីឯ​ការធ្វើផលិតកម្មរ៉ែមាសនេះ ​នឹងជួយផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលមួយផ្នែកបន្ថែម​​ទៀត សម្រាប់អភិវឌ្ឍ​ប្រទេស»។

លោក យស មុនីរ៉ាត់ បានបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ​ជាក្រុមហ៊ុន​ខ្នាតអន្ដរជាតិទី១ ដែល​ចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ។ បើតាមផែនការនោះ ក្រុមហ៊ុនអាចផលិតមាសបាន ប្រហែល១០០ពាន់អោន ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន​កម្ពុជាបានផ្ដល់អាជ្ញាធរប័ណ្ណដល់ក្រុមហ៊ុននានា ចំនួន៤០ ហើយក្រុមហ៊ុនទាំងនោះ​កំពុងតែដំណើការ​អាជីវកម្មរុករករ៉ែមាស ​ស្រតាមបច្បាប់។ រីឯក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ចេញដោយក្រសួងរ៉ែ និងថាមពល  រួមមាន ក្រុមហ៊ុនខ្មែរ, ចិន, អូស្ដ្រាលី, កាណាដា…ជាដើម៕