ស្រាវជ្រាវ ដោយឈឹម សេរីភួន៖ ខ្មែរដើម (សាឡុត ស) ក៏បានសរសេចោទប្រកាន់ថា សីហនុ គឺជាស្ដេចផ្ដាច់ការ ដែលកំពុងបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា របបរាជាធិបតេយ្យ គឺជារបបមួយកំពុងផ្ដល់សិទ្ធិឲ្យទៅមនុស្សមួយក្រុមតូច ដែលគ្មានធ្វើអ្វីដើម្បីចិញ្ចឹមជីវិតខ្លួនឯងបន្តិចទាល់តែសោះ គឺចាំតែជិះជាន់កិបកេងកម្លាំងប្រជាជនតែប៉ុណ្ណោះ ។ របបរាជាធិបតេយ្យគឺជារបបអយុត្តិធម៌មួយ និងជារបបស្អុយរលួយ និងមានក្លិនអាក្រក់បំផុត ដែលជនស្រឡាញ់យុត្តិធម៌ទាំងឡាយត្រូវតែក្រោកឈរឡើងតស៊ូ កម្ចាត់ចោល….។ខ្មែរដើម (សាឡុត ស) បានសរសេរបន្តទៀតថា របបរាជាធិបតេយ្យជាសម្ព័ន្ធមិត្តរបស់ពួកចក្រពត្តិនិយម ប៉ុន្តែជាសត្រូវរបស់ប្រជាជន ព្រះពុទ្ធសាសនា និងការចេះដឹង ហើយថា បណ្ដាព្រះមហាក្សត្រខ្មែរ ចុងក្រោយសុទ្ធតែជ្រើសតាំងដោយពួកអាណានិគមបារាំង ក្នុងខណៈដែលប្រជាជនខ្មែរ ត្រូវបានគេចាត់ទុកដូចសត្វធាតុ ដោយគេប្រើឲ្យធ្វើទាហាន ឬទាសករដែលគេបង្ខិតបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីចិញ្ចឹមស្ដេច និងពួកបរិពារ ។ នៅប្រទេសរុស្សី ប្រទេសបារាំង និងប្រទេសចិន របបរាជាធិបតេយ្យ ត្រូវបានគេផ្ដួលរំលំ ដោយគ្មានទុកស្លាកស្នាមអ្វីបន្តិចឡើយ ហើយរបបរាជាធិបតេយ្យត្រូវគេយកមកជំនួសវិញ ។ លទ្ធិប្រជាធិបតេយ្យ គ្មានអ្វីអាចយកមកប្រៀបផ្ទឹមបានទេ ព្រោះវាមានភាពបរិសុទ្ធ និងភ្លឺថ្លាដូចពេជ្រចរណៃ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ក្រោយពីខ្មែរដើម (សាឡុត ស) ចេញផ្សាយអត្ថបទខាងលើនេះមក ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានត្រាស់បង្កាប់ឲ្យប៉ែន នុត ដែលេពលនោះជាទីប្រឹក្សារបស់ព្រះអង្គ ធ្វើដំណើរទៅក្រុងបារីស ប្រទេសបារាំង ឲ្យស្រាវជ្រាវដកហូតអាហាររូបករណ៍ពីនិស្សិតទាំងឡាយណាប្រឆាំងព្រះអង្គ និងមានគំនិតពាក់ព័ន្ធជាមួយនឹងអត្ថបទដែលមានចំណងជើងថា “រាជាធិបតេយ្យ ឬប្រជាធិបតេយ្យ” ដែលសរសេរដោយ ខ្មែរដើម (សាឡុត សនោះ។ពេលនោះ សាឡុត ស ,អៀង សារី , ហ៊ូ យន់ និងសុន សេន ត្រូវបានដកអាហាររូបករណ៍ ដោយសារតែមូលហេតុធ្វើសកម្មភាពនយោបាយប្រឆាំងនឹងព្រះមហាក្សត្រនោះ ធ្វើឲ្យពួកគេជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅ ក៏ត្រូវបង្ខំចិត្តរកការងារកំប៉ិកកំប៉ុកធ្វើ ដើម្បីបានលុយ គ្រាន់នឹងចាយវាយខ្លះ ឯមួយចំនួនទៀតត្រូវខ្ចីបុលគេ ។ កេង វ៉ាន់សាក់ បានរួចផុតពីការកាត់ផ្ដាច់អាហាររូបករណ៍នេះ ដោយសារគាត់ជាប់សាច់ញាតិជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ប៉េងបោះយុគន្ធរ ជារដ្ឋមន្រ្តីក្រសួងអប់រំជាតិ កីឡា និងយុវជន ។ តែទោះបីជាយ៉ាងនេះក៏ដោយ គាត់ត្រូវបានបង្ខំឲ្យវិលត្រឡប់មកប្រទេសវិញ មុនពេលគាត់ត្រូវបញ្ចប់និក្ខេបបទនៃការសិក្សារបស់គាត់ដែរ ។

ពេលនោះ សាឡុត ស ក៏ដូចជាសៀង អាន , រ័ត្ន សាមឿន , ម៉ី ម៉ាន់ និងយុន សឿង មានចិត្តអន្ទះអន្ទែង ចង់វិញត្រឡប់មកស្រុកវិញ ដើម្បីចូលរួមក្នុងការតស៊ូជាមួយពួកខ្មែរឥស្សរៈកុម្មុយនិស្ត ដែលជាសម្ព័ន្ធមិត្តរបស់ពួកវៀតមិញ នោះផងដែរ។ចំណែកនៅទីក្រុងភ្នំពេញ វិញ អាជ្ញាធរក៏បានធ្វើការរារាំង មិនឲ្យសិស្សនិស្សិតធ្វើបាតុកម្មប្រឆាំងនឹងការប្រកាសរំលាយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ របស់ព្រះមហាក្សត្រសីហនុ នោះដែរ ៕ (វាយអត្ថបទដោយ៖ កញ្ញាកៅ សុផានីត)