ខេត្តបាត់ដំបង ! កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលបាត់ដំបង បានដឹកនាំកម្លាំងក្នុងការិយាល័យ នាំអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសំឡេង ខ្លាំងៗបង្កការរំខាងនៅក្នុងក្រុងបាត់ដំបងនាពេលយប់ មកធ្វើការអប់រំណែនាំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅ មានអ្នកប្រើប្រាស់រថយន្ត និងម៉ូតូកង់បីមួយចំនួនបានកែច្នៃនិងបំពាក់នូវឧបករណ៍បំពងសំឡេខ្លាំងៗ និងបំពាក់ភ្លើងកែច្នៃខុសលក្ខណៈដើម ហើយបើកបរនៅពេលយប់ស្ងាត់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិ ងមានពេលខ្លះបានប្រើប្រាស់មធ្យោបាយទាំងនេះ បើកបរប្រដេញគ្នាដោយល្បឿនយ៉ាងលឿនៗនិងប្រសេចប្រសាចនាំបង្កនូវភាពអនាធិបេត្យនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទៀតផង។

ពេលនេះ កម្លាំងសមត្ថកិច្ច បានឃាត់អ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសំឡេងខ្លាំងៗនោះ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើការអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពបែបនេះទៀត ៕