ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅប្រទេសបារាំង ក្នុងខែមិថុនា ឆ្នាំ១៩៥០ និស្សិតខ្មែរមួយក្រុម ដែលកំពុងសិក្សានៅទីនោះ បានបង្កើតចលនានយោបាយម៉ាក្សស៊ីសមួយ មានសមាជិកសំខាន់ៗដូចជា អៀង សារី, ហ៊ូ យន់, កេង វ៉ាន់សាក់, ជួន មុំ, សាឡុត ស, ខៀវ ធីរិទ្ធ (ស្រី), ម៉ី ម៉ាន់, ម៉ី ផាត និង រ័ត្ន សាមឿន ជាដើម ។ នៅប្រទេសបារាំង សមាគមនិស្សិតខ្មែរ (AEK) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦មកម៉្លេះ ហើយនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ១៩៥០ វណ្ណ ម៉ូលីវណ្ណ ត្រូវបានតែងតាំងជាប្រធានសមាគមនេះ។ វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (កាលសម័យនោះស្រុកព្រៃនប់នេះ ស្ថិតនៅក្នុងខេត្តកំពត) ។ នៅក្នុងឆ្នាំ១៩៤៤ គាត់បានបញ្ចប់ការសិក្សា ថ្នាក់មធ្យមសិក្សាទុតិយភូមិភាគ២ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាផ្នែកច្បាប់ នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ ប៉ុន្តែបន្ទាប់ពីសិក្សាផ្នែកច្បាប់នោះបានមួយឆ្នាំ គាត់ក៏បានប្ដូរចិត្តទៅសិក្សាផ្នែកស្ថាបត្យកម្ម នៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈបារាំង វិញ ។

ការបង្កើតសមាគមនិស្សិតខ្មែរ(AEK) ដំបូង នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦នោះមាន អៀ ស៊ីចូវ ជាប្រធាន និងយ៉ែម សារុង ជាអនុប្រធាន។ អៀ ស៊ីចូវ ជានិស្សិតមានគំនិតជាតិនិយម ឯយ៉ែម សារុង ជានិស្សិតមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ និងមានជំហរកណ្ដាល ចំណែក វណ្ណ ម៉ូលីវណ្ណ ដែលទើបនឹងឡើងជាប្រធានសមាគមនេះ ក៏ជាអ្នកនិយមកណ្ដាលដែរ ។ ឯកេង វ៉ាន់សាក់ ជាអនុប្រធាន, ស៊ិន ខែមកូ ជាអគ្គលេខាធិការ, ផូ បូពិន ជាអគ្គលេខាធិការរង, អ៊ឹង ប៉ោឡេង ជាហិរញ្ញឹក និងហូ តុងលីម ជាបណ្ណារក្ស ។វណ្ណ ម៉ូលីវណ្ណ ធ្វើជាប្រធានសមាគមនិស្សិតខ្មែរ(AEK)នេះ បានតែមួយឆ្នាំ ក៏មានការផ្លាស់ប្ដូរសមាសភាពថ្មី ។ នៅក្នុងឆ្នាំ១៩៥១ ហ៊ូ យន់ ត្រូវបានតែងតាំងធ្វើជាប្រធានសមាគមនោះ ជំនួស វណ្ណ ម៉ូលីវណ្ណ ឯសមាជិគណៈកម្មាធិការសមាគមនេះ មាននិស្សិតជាពួកម៉ាក្សស៊ីស មួយចំនួនដូចជា អៀង សារី, សាឡុត ស, ជួន មុំ , ខៀវ សំផន និង កេង វ៉ាន់សាក់ ជាដើម ក៏បានចូលរួមផងដែរ។ ក្នុងឆ្នាំ១៩៥១នេះ សមាគមនិស្សិតខ្មែរ(AEK) មានសមាសភាពចម្រុះ៣និន្នាការ គឺទី១ក្រុមមាននិន្នាការកណ្ដាលនិយម ដូចជា៖ វណ្ណ ម៉ូលីវណ្ណ, យ៉ែមសារុង, ហង្ស ធុនហាក់, តាន់ គឹមហួន ជាដើម ។ ទី២ ក្រុមមាននិន្នាការសេរីនិយម រួមមាន៖ ម៉ៅ សាយ, សម សារី, លី ជិនលី, ឌុក រាស៊ី , ឡុង ប៉ែត, ព្រំ ថុស ជាដើម និងទី៣ ក្រុមម៉ាក្សស៊ីស រួមមាន៖ ហ៊ូ យន់, អៀង សារី, ជួន មុំ, សាឡុត ស និងកេង វ៉ាន់សាក់ ជាដើម ហើយពួកនេះ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង ផងដែរ ។

នៅពេលព្រះមហាក្សត្រនរោត្តម សីហនុ ប្រកាសរំលាយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យដែលឈ្នះឆ្នោតនៅក្នុងឆ្នាំ១៩៥១ ដោយសារពួកគេជាប់ពាក់ព័ន្ធជាមួយចលនាតស៊ូរបស់ សឺង ង៉ុកថាញ់ ហើយព្រះអង្គបានឡើងធ្វើជានាយករដ្ឋមន្រ្តី បង្កើតរាជរដ្ឋាភិបាលថ្មីជំនួស(នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥២) សមាគមនិស្សិតខ្មែរ(AEK) នៅប្រទេសបារាំង បានសរសេរលិខិតមួយ នៅក្នុងខែកក្កដា ឆ្នាំ១៩៥២ សម្ដែងការប្រឆាំង និងផ្កោលទោសចំពោះព្រះមហាក្សត្រសីហនុ យ៉ាងធ្ងន់ធ្ងរ។ លិខិតនោះគឺ កេង វ៉ាន់សាក់ ជាអ្នកតាក់តែងឡើង ហើយហ៊ូ យន់ ជាអ្នកចុះហត្ថលេខា ក្នុងនាមជាប្រធានសមាគមនិស្សិតខ្មែរ(AEK) ។ទាក់ទងនឹងការរលាយរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យ នេះដែរ សាឡុត ស បានសាកល្បងនិពន្ធអត្ថបទបែបវិភាគនយោបាយមួយមាន៨ទំព័រ និងដាក់ចំណងជើងថា “រាជាធិបតេយ្យ ឬប្រជាធិបតេយ្យ?” បោះពុម្ពផ្សាយនៅក្នុងលេខពិសេសក្នុងព្រឹត្តប័ត្រនិស្សិតខ្មែរ នៅក្រុងបារីស ដោយសាឡុត ស បានប្រើរហស្សនាមថា ខ្មែរដើម ។ ខ្លឹមសារនៃអត្ថបទនោះ មានន័យសង្ខេបថា មានតែរដ្ឋសភា និងសេរីភាពតាមបែបលទ្ធិប្រជាធិបតេយ្យ ប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាជនខ្មែរ មានលទ្ធភាពដកដង្ហើមបានខ្លះ ដូចកាលសម័យរដ្ឋាភិបាលរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ៕ (វាយអត្ថបទដោយ៖ កញ្ញាកៅ សុផានីត)