រាជធានីភ្នំពេញ៖  លទ្ធផល​ជំរឿន​ឆ្នាំ ២០១៩ ចេញ​ជា​ផ្លូវការបង្ហាញថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​១៥ ៥៥២ ២២១នាក់។ ពោល​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុងក្រោយ អត្រា​ប្រជាជន​កើន​តែ​ជាង ២,២ លាន​នាក់​ប៉ុណ្ណោះ។

ទាក់ទង​កំណើន​ប្រជាជន​តិច​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី​ធ្លាប់​ថ្លែង​​កន្លង​ទៅ​ ដោយ​លើក​ទឹកចិត្ត​​ពលរដ្ឋ​យក​កូន​ឲ្យ​បាន​ច្រើន។

ពល​រដ្ឋ​គួរ​យក​កូន​ឲ្យ​បាន​ជា​មធ្យម​ ៥ នាក់​ ក្នុង​១ គ្រួសារ​ ដើម្បី​​ឲ្យ​អត្រា​ប្រជាជន​​​កើ​ន​​ឡើង​ទ្វេដង​។ សម្តេច​ថ្លែង​បញ្ជាក់​ថា ដោយ​សារ​ទឹក​ដី​នៅ​ធំ ក្រោយ​របប​ប៉ុលពត​ឆ្នាំ ១៩៧៩ កម្ពុជា​នៅ​សល់​ប្រជាជន​តែ​ជាង ៥ លាន​នាក់​តែ​ប៉ុណ្ណោះ។

សម្តេច​លើក​ឡើងប្រទេស​មួយ​ចំនួ​ន​នៅលើ​ពិភព​លោក​ ចាប់ផ្តើម​ភ័យ​ពី​រឿង​មិន​មាន​កំណើន​ប្រជាជន ជាពិសេស​ប្រទេសដែលមាន​សេដ្ឋកិច្ច​លូតលាស់។

សម្តេច​ថ្លែង​ថា ប្រទេស​យើង​មិន​ទាន់​ដល់​ហ្នឹង​ទេ។ បើ​មាន​កូន​​ច្រើន​កាលណា​ល្អ​កាល​ហ្នឹង​ត្រឹម ៥ ទៅ ៦ អី​ល្មម។

តាម​ទិន្នន័យ​ជំរឿន​ ប្រជាជន​កម្ពុជា​កើន​ដល់​ជាង ១៥ លាន​នាក់ មាន​ប្រុស​ចំនួន ៧ ៥៧១ ៨៣៧នាក់ ស្មើ ៤៨,៧% និង​ស្រី​ចំនួន ៧ ៩៨០ ៣៧៤នាក់ ស្មើ ៥១,៣%។ លទ្ធផល​ជំរឿនក៏​បង្ហាញ​ខេត្ត​ក្រុង ០៤ មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេគឺ​រាជធានីភ្នំពេញចំនួន ២,៣លាននាក់ ខេត្តកណ្តាលចំនួន ១,២លាននាក់ ខេត្តព្រៃវែងចំនួន ១,១លាននាក់ និងខេត្តសៀមរាប ១លាននាក់ ៕