ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស បានដាក់ពាក្យបណ្តឹងលើមន្ត្រីយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការក្រសួងការពារជាតិ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ប្រើអំពើហិង្សា ដោយមានស្ថានទម្ងន់ និងបង្ខាំង ដោយខុសច្បាប់» ដែលបានប្រព្រឹត្តមកលើខ្លួន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។

យោងតាមពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះ ឈ្មោះ  ឌួង ហេម៉ាលីស បានឲ្យដឹងថា  «កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវ ស្ថិតនៅរង្វង់មូលតាខ្មៅទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាងខ្ញុំ មិនឲ្យខ្ញុំស្រែក និងគំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លើសពីនេះថែមទៀត គាត់ថែម​ទាំងចាប់បង្ខាំងនាងខ្ញុំ នៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ នៃអគ្គបញ្ជាការក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងនោះ ហើយនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ»។

ស្ត្រីរងគ្រោះ បានប្រាប់អ្នកកាសែតបន្ថែមទៀតថា ដើមហេតុដែលនាំឲ្យកើតហិង្សាយ៉ាងដូច្នេះ មានដំណើររឿងថា ដោយសារតែការទាស់សម្ដីគ្នាបន្តិចបន្តួច ពាក់ព័ន្ធនឹងការផ្ដល់យោបល់ផ្លូវច្បាប់ ជុំវិញករណីប្ដឹងប្ដល់គ្នាលើករណីវិវាទដីធ្លីរបស់លោក សូយ ចាន់សឿន។​ បុគ្គលរូបនេះកើតការខឹងសម្បា ដូចកម្រោលចូល ក៏បានដាល់ចំភ្នែក កញ្ចឹងក និងលើទ្រូងជាច្រើនដៃ បណ្ដាលឲ្យវិលមុខ ហើយការវាយដំនេះ បានកើតឡើង នៅម្ដុំរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល។

ស្រ្ដីរងគ្រោះ បានបន្ដថា បន្ទាប់មក ជនដៃដល់​បានបើករថយន្ដទៅដល់ម្ដុំច្បារអំពៅ ក៏​វាយប៉ុន្មានដៃថែមទៀត និងបើករថយន្ដ រហូតដល់ខេត្តកំពង់ស្ពឺ ក៏បានវាយតប់ និងគំរាមបាញ់សម្លាប់ បាញ់បំបាក់ជើងថែមទៀតផង។ ក្រោយមក គាត់បាន​បើករថយន្ដទៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ និងបានបង្ខាំងខ្លួននៅក្នុងផ្ទះ ទើបនាង​បានតេទូរស័ព្ទទៅសាច់ញាតិ និងសមត្ថកិច្ចភ្លាម ។

ស្រ្ដីរងគ្រោះ បានបន្ដថា រហូតមកដល់​​វេលាម៉ោងជាង៧យបើ ទើបខាងសមត្ថកិច្ចមកដល់ និងបានរំដោះខ្លួនចេញមក ហើយនាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ ព្យាបាល ព្រោះខ្លួនមានអាការលើសឈាមខ្លាំង និងរបួសធ្ងន់ធ្ងរ នៅលើភ្នែកទាំងសងខាង។

នៅក្នុងពាក្យបណ្តឹងដដែល ស្រ្តីរងគ្រោះបានទាមទារប្រាក់ព្យាបាលរបួស ចំនួន១លានដុល្លារ និងប្រាក់សងជំងឺចិត្ត១លានដុល្លារ  សរុប២លានដុល្លារ  និងសូមឲ្យផ្តន្ទាទោសជនចោទតាមផ្លូវច្បាប់។

ទោះជាយ៉ាងណា ជុំវិញនឹងករណីនេះ «KBN» មិនអាចសុំការបកស្រាយ បញ្ជាក់ពីលោកផ្កាយ២  សូយ ចាន់សឿន បានឡើយ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលមកឆ្លើយបំភ្លឺ លើករណីនេះ៕

ខាងក្រោមនេះ ជាបាកបណ្ដឹងរបស់ជនរងគ្រោះ៖