រាជធានីភ្នំពេញ៖ ជនសង្ស័យ ដែលគេស្គាល់ថា ជាថៅកែបូមខ្សាច់ស្ពានព្រែកសំរោង ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ  កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ គេចវេះមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ។

ជនសង្ស័យ ឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅផ្លូវលេខ១១ ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ ហើយគេចវេះមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ ។

ជនសង្ស័យ បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុន MPL ធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចគល់ស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តចំនួន១២គ្រឿង (មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស) ដែលបានបញ្ជាទិញពីក្រុងឌូបៃ នាំចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ ទើបខ្លួនសុំខ្ចីបន្ថែម ចំនួន៣ម៉ឺនដុល្លារទៀត ដោយពេលខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុលនេះ។ រីឯប្រាក់ដែលត្រូវបង់ពន្ធរថយន្តទាំង១២គ្រឿងនោះ ចំនួន៤៨ ០០០ដុល្លារ ។ បន្ទាប់មកខ្លួនបានលក់រថយន្តទាំងនោះទៅឱ្យក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួន មិនទាន់ពេលវេលា ទើបខ្លួននៅជំពាក់ប្អូនធម៌ ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃ។

ទោះជាយ៉ាងណា ករណីនេះ គេមិនទាន់ដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូង សម្រេចបែបណានោះទេ ព្រោះឥឡូវកំពុងស្ថិតក្នុងដំណើរ​ការសាកសួរ៕