ការ៉ុត ជាដំណាំផ្តល់ផលជាមើម វាមានរសជាតិផ្អែម ឆ្ងាញ់ បើសិនជា យើង ញ៉ាំទាំងនៅខ្ចី។ ការ៉ុត ផ្តល់អត្ថប្រយោជន៍ច្រើនចំពោះ សុខភាព ជាពិសេស ជួយដល់សម្រស់របស់ស្ត្រី ។ ការ៉ុត ជួយសម្រួលដល់ សុខភាពភ្នែក ការពារស្បែក ឱ្យលក្ខណៈ ស្រស់ស្រាយ ពន្យារភាពចាស់ ជួយសុខភាពស្ត្រីមានផ្ទៃពោះ ការពារស្បែកពីវិទ្យុសកម្ម (UV) កាត់បន្ថយ ការកើតមហារីសុដន់ ជម្រុញដំណើរការ នៃប្រព័ន្ធរំលាយ អាហារជួយបង្កើនសារធាតុដែលចាំបាច់ ក្នុងពេលមានរដូវ ការពារការកើតមុន និងថែរក្សាសុខភាព និងធ្វើឱ្យមានសម្រស់រលើងរលោ ង ។ ខាងក្រោម នេះជាវិធីដាំដុះការ៉ុត តាមបែបងាយៗនៅក្នុងផើង
ការរៀបចំដាំដុះ ៖
– ត្រៀមផើងសម្រាប់ដាំដុះ ដែលមានទំហំធំ និងជ្រៅល្មម ព្រោះ រុក្ខជាតិនេះត្រូវការចុះមើម ដូច្នេះជម្រៅគឺជាកត្តាត្រូវគិតដំបូងគេយ៉ាងហោចណាស់ផើងគួរមានជម្រៅ ៤០ សង់ទីម៉ែត្រ ឬជ្រៅជាងនេះ។
– ដីផុសល្អ ដីមានលាយជីកំប៉ុស្ត ឬដីខ្សាច់ដែលមិនបៀមទឹកយូរ
– គ្រាប់ពូជការ៉ុត ( អាចរកទិញបាននៅហាងលក់គ្រាប់ពូជកសិកម្ម ត្រូវពិនិត្យមើលការណែនាំរបស់គ្រាប់ពូជនៅលើកញ្ចប់ )
– ដែកសំណាញ់សម្រាប់គ្របពីលើផើង
ការដាំដុះ ៖
– លាងសម្អាតផើងដំណាំរបស់អ្នកមុននឹងរៀបចំដាំដើម្បីសម្អាតបាក់តេរីចេញពីផើងកុំឱ្យឆ្លងទៅដីដាំដុះ
– ចាក់ដីចូលក្នុងផើងក្នុងកម្រិតពេញល្មម
– ជីដីសម្រាប់ដាំជាជួរក្នុងជម្រៅប្រមាណពីរថ្នាំងដៃ
– ដាក់គ្រាប់ពូជការ៉ុតតាមជួរទាំងនោះ រួចលុបដីវិញ
– ស្រោចទឹកលើតែកុំជោគជាំពេក ( គួរតែមានដបបាញ់ទឹកដូច ដបស្ព្រៃសម្រាប់បាញ់ពីលើដំណាំ )
– គ្របដែកសំណាញ់ពីលើផើងដំណាំដើម្បីការពារសត្វបំផ្លាញ
– រក្សាទុកផើងនៅកន្លែងដែលអាចទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ។
ការថែទាំ ៖
– ចាប់ពីថ្ងៃទីពីរទៅ ត្រូវស្រោចទឹកពីដងក្នុងមួយថ្ងៃដើម្បីរក្សាសំណើមដី ហើយកុំទុករហូតទាល់តែដីស្ងួត ព្រោះកាលណាដីស្ងួតក្តាំងនោះនឹងធ្វើឱ្យការ៉ុតពិបាកក្នុងការចុះមើម ។
– នៅពេលការ៉ុតលូតលាស់ប្រមាណមួយចង្អុលដៃត្រូវពូនគល់នៅនឹងមើមរបស់វា។
– ត្រូវបន្តស្រោចទឹកដោយបាញ់ទឹកស្រោចស្រពពីលើស្លឹកការ៉ុតតែម្តង។
– រយៈពេល២ ឬ ៣ខែការ៉ុតនឹងឱ្យផល។ យើងអាចចំណាំមើលលើពណ៌មើមរបស់ការ៉ុតបើសិនជា ការ៉ុត ពណ៌ធម្មតាគួរកុំទាន់ដកអី តែបើ មើមការ៉ុតមានពណ៌កាន់តែថ្លាល្អ គួរតែដក ព្រោះពណ៌ភ្លឺថ្លានេះបញ្ជាក់ ថាការ៉ុតមានរសជាតិផ្អែមឆ្ងាញ់៕