ភ្នំពេញ៖ ស្រ្តីជាកម្មការិនីសំណង់ម្នាក់ ត្រូវបានក្រុមទម្លាក់យោងចំនួន៤នាក់ ប្រើល្បិចធ្វើជាជ្រុះមាស ដើម្បីឱ្យជនរងគ្រោះរើស ហើយនាំយកចែកគ្នា​នៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន គិតជាប្រាក់ប្រមាណជាង៤០០ដុល្លារ រួចគេចខ្លួនបាត់ បន្សល់ទុកគ្រាប់កង់មួយកូនថង់ជាថ្នូរ។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងតូតាល់ តាមផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ស្រ្តីរងគ្រោះ ឈ្មោះ ស៊ុន រ៉ែន អាយុ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅកន្លែងការដ្ឋាន ក្នុងវត្តញាណរង្សី សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានធ្វើដំណើរទៅផ្សារងិន អាន ហៅផ្សារទំនប់ នៅខាងកើតអតីតរង្វង់មូលខាំកូស៊ីធី ដើម្បីទិញម្ហូប។ ប៉ុន្ដែនៅពេលនោះ ស្រាប់តែមាននារីម្នាក់ ធ្វើជារើសបានកញ្ចប់មាសមួយថង់ រួចយកមកបង្ហាញគាត់ ហើយនារីម្នាក់ទៀត ធ្វើជានិយាយបញ្ចុះបញ្ចូលនាំគាត់ទៅលក់ចែកគ្នា ដោយមានបុរស២នាក់ជិះម៉ូតូ២មកឌុប ហើយនាំ​ឈប់នៅតាមផ្លូវលំខាងលិចជាប់ម៉ាតតូកាល់។ បន្ទាប់មកពួកគេបាន​ដោះយកខ្សែដៃមួយខ្សែ ដែលគាត់ទិញ ក្នុងតម្លៃ២០០ដុល្លារ ព្រមទាំងក្រវិលមាស១ជី រួចប្រគល់ឲ្យកូនកាបូបដែលមានសុទ្ធតែគ្រាប់កង់មួយកូនថង់ឱ្យគាត់

ជនរងគ្រោះ បានបន្ដថា ក្រោយពេលយកគ្រឿងអលង្ការរបស់គាត់រួចហើយ ពួកគេបាននាំគ្នា​ជិះម៉ូតូគេច​បាត់អស់ ទើបគាត់ដឹងខ្លួនថា ចាញ់បោកគេ។ ភ្លាមៗនោះ​​ គាត់​បានហៅម៉ូតូឌុបជិះតាមរកគ្រប់ច្រកល្ហកដែរ ប៉ុន្ដែរកមិនឃើញ ក៏ត្រឡប់មកកន្លែងកើតហេតុវិញ ហើយសុំឲ្យបុគ្គលិកម៉ាតតូតាល់ ជួយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ដោយយំខ្សឹកខ្សួល គួរឲ្យអាណិត ថា នាងត្រូវបានគេដាក់ថ្នាំ យកគ្រឿងអលង្ការ អស់ពីខ្លួនហើយ ទើបដឹងថា គាត់ចាញ់បោកក្រុមទម្លាក់យោង។

ក្រោយពេលកើតហេតុ ​ស្រ្តីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ខ្លួនជនល្មើស នាំមកផ្ដន្ទាទោសតាមច្បាប់៕