ផ្កាកុលាបជាប់ឈ្មោះជារុក្ខជាតិដាំលម្អសួនមួយដ៏ពេញនិយម ក៏ព្រោះដោយសារសម្រស់ដ៏ឆើតឆាយរបស់ខ្លួន ។ លោកអ្នកអាចនឹងមានចម្ងល់អំពីការបណ្តុះកូនផ្កាលម្អសួនដ៏មានប្រជាប្រិយនេះមិនខាន វិធីបណ្តុះឫសផ្កានេះ មានច្រើនរបៀប តែខាងក្រោមនេះយើងខ្ញុំសូមលើកតែមួយវិធីមកបង្ហាញប៉ុណ្ណោះ ។
• សម្ភារដែលត្រូវមាន ៖
– មែកផ្កាកុលាប (ដែលខ្លួនស្រឡាញ់ចង់បាន)
– ដបជ័រ ឬកែវជ័រទឹកអំពៅ
– ដីលាយឫសកំប្លោកឬចកស្ងួត
– ថ្នាំជំនួយឫស (មានលក់នៅហាងលក់ថ្នាំកសិកម្ម)
• វិធីបណ្តុះ ៖
– ដាក់ដីឱ្យហាប់ណែនចូលក្នុងកែវជ័រទឹកអំពៅ
– កោសសំបកនិងរំអិលចេញពីមែកកុលាបប្រវែងមួយថ្នាំងដៃ រួចត្រាំ ជ្រលក់ថ្នាំជំនួយឫស
– កប់ផ្នែកឫសចូលដី និងបង្ហាប់ដីឱ្យណែន
– យកថង់ប្លាស្ទិកគ្រប ដោយយកកៅស៊ូកងចងរឹបមាត់កែវជ័រទឹកអំពៅ ក្នុងកម្រិតល្មម
– ទុករយៈពេល២០ថ្ងៃ វានឹងចេញឫស
ចំណាំ ៖
– ដីសម្រាប់បណ្តុះឫសត្រូវតែជាដីដែលមានសំណើមជាប្រចាំ
– បើសិនជាដីស្ងួតកើតឡើងអំឡុងពេលសាកមែក យើងត្រូវយកសឺរ៉ាងបូមទឹកឱ្យសើមដី៕