ខេត្តស្វាយរៀង៖ ស្ត្រីជាម្ដាយម្នាក់ដើរទៅទិញទឹកកក តែមិនដឹងថា កូនរត់តាមក្រោយ លុះត្រឡប់មកផ្ទះវិញ ឃើញកូនលង់ទឹកស្រះ ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ​ នាំគ្នាចុះស្រង់មកដាក់លើគោក តែអកុសល វាហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ក្មេងស្រីរងគ្រោះឈ្មោះរុន ស្រីណែត អាយុ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់ប្រញាប់ទៅទិញទឹកកក ដោយមិនដឹងថា កូនរត់​តាមពីក្រោយនោះទេ។ លុះពេលគាត់ត្រឡប់មកផ្ទះវិញ ឃើញកូនលង់ទឹកស្រះ ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ​នាំគ្នាចុះស្រង់មកដាក់លើគោក ធ្វើចលនាជួយសង្រ្គោះដែរ តែអកុសល វាហួសពេលទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ ចុះមកពិនិត្យសព រួចហើយសន្និដ្ឋានថា កុមារីរងគ្រោះពិតជាស្លាប់ ដោយសារការលង់ទឹកស្រះប្រាកដមែន និងប្រគល់ឱ្យម្ដាយឪពុកយកទៅធ្វើបុណ្យ តាមប្រពៃណី៕