ភ្នំពេញ៖ ស្ត្រីជាម្តាយចុងម្នាក់ បានខឹងកូនស្រីប្រពន្ធដើមវ័យក្រមុំ យកសៀវភៅបញ្ជីជំពាក់លុយមកឱ្យមើលយឺតពេក ស្រាប់តែយកកាំបិតប៉័ងតោ កាប់នាង១កាំបិត ធ្វើឱ្យរងរបួសធ្ងន់ រួចដឹកចេញពីផ្ទះទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៧យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះ ឈ្មោះ ស្រីពេជ្រ អាយុប្រហែល១៨ឆ្នាំ រស់នៅជាមួយស្ត្រីជាម្តាយចុង នៅតែផ្ទះមិនបានចេញទៅណាឡើយ សូម្បីតែការសិក្សា ក៏មិនបានរៀនដែរ ហើយ​ឪពុកបង្កើតបានស្លាប់ចោលទៀត។ ចំណែកស្ត្រីជាម្តាយចុង ​មានប្តី៣នាក់មកហើយ មិនទាន់ស្គាល់ ឈ្មោះ ឥឡូវនេះ ម្តាយចុងនេះមានប្តីទៀត​។

តាមប្រភពពីនារីម្នាក់ ដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនជាតិឥណ្ឌាម្នាក់បានមកទារលុយពីស្រ្ដីជាម្ដាយចុង ហើយ​ម្ដាយចុងបានស្រែកហៅឱ្យជនរងគ្រោះ យកសៀវភៅ (បញ្ជីជំពាក់លុយ)មកឱ្យមើល។ ប៉ុន្ដែ​ជនរងគ្រោះបានយកសៀវភៅមកយឺតពេក ស្របពេលដែលស្ត្រីជាម្ដាយចុងកំពុងធ្វើត្រី មានទាំងកាំបិតប៉័ងតោ នៅនឹងដៃផងនោះ ក៏បានកាប់ទៅលើកូនស្រីប្រពន្ធដើមរបស់ប្ដីមួយកាំបិត បណ្តាលឲ្យកាំបិតជាប់ក្បាល ហើយក៏ដកកាំបិត បម្រុងកាប់មួយកាំបិតទៀត តែជនរងគ្រោះបានយកដៃរងជាប់ ខណៈនោះជនរងគ្រោះឈាមហូរខ្លាំងពេក ក៏បានយកភួយមកជូតក្បាល និងមាន​ឈាម​ហូរស្រក់ប្រឡាក់ឥដ្ឋការ៉ូ ។

ក្រោយពេលកើតហេតុ  ស្ត្រីជាម្តាយចុង និងកូនបង្កើតរបស់ខ្លួន បានជិះម៉ូតូឌុបកូនស្រី​ដែលរងរបួសយកទៅព្យាបាល តែដោយសារខ្លាចបងប្អូនប្រជាពលរដ្ឋឃើញ ក៏ឱ្យជនរងគ្រោះពាក់មួកសុវត្ថិភាព ដើម្បីបិទបាំង។ ប៉ុន្តែជាចៃដន្យអី មួកសុវត្ថិភាពរបូត ធ្លាក់ធ្វើឲ្យបងប្អូនអ្នកជិតខាងឃើញតែម្តង។ ពេលនោះដែរ ស្ត្រីជាម្តាយចុងឱបពីក្រោយ មិនព្រមចុះរើសមួកសុវត្ថិភាពនោះទេ គឺបានឱ្យកូនស្រីរបស់ខ្លួន ជាអ្នកបើកម៉ូតូចុះរើស រួចជិះម៉ូតូចេញទៅបាត់​ មិនដឹងថាទៅព្យាបាលរបួស នៅមន្ទីរពេទ្យណានោះឡើយ​។

បន្តិចក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ បានមកដល់ផ្ទះកើតហេតុ និងបានទាក់ទងទៅឪពុកចុងរបស់ជនរងគ្រោះសួរនាំ។ ប៉ុន្ដែ​ឪពុកចុងមិនព្រមប្រាប់ថា ទៅព្យាបាលនៅមន្ទីរពេទ្យណាទេ គឺគ្រាន់តែប្រាប់ថា ជនរងគ្រោះរងរបួសស្រាលទេ និងកំពុងហូបបាយ។

ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកម្តាយចុងរូបនេះ ដើម្បីនាំមកសាកសួរ៕