បរទេស៖ រហូតដល់ពេលនេះ សហភាពអឺរ៉ុប បានចាប់ផ្ដើមព្រមាន ទាំងកំហឹងទៅលើក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស ក្រោយពេលក្រុមហ៊ុន AstraZeneca និង ក្រុមហ៊ុន Pfizer-BioNTech បានប្រកាសពន្យារពេលដល់ការដឹកជញ្ជូនវ៉ាក់សាំង មកកាន់តំបន់នេះ។​

បើតាមសារព័ត៌មាន The National News បានផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ថា សហភាពអឺរ៉ុប កាលពីថ្ងៃទី២៥ ខែមករា បានចេញសេចក្ដីព្រមាន ទាំងកំហឹងទៅដល់ក្រុមហ៊ុនឱសថ AstraZeneca របស់ចក្រភពអង់គ្លេស ចំពោះការពន្យារពេល មិនអាចរំពឹងទុកបាន ដល់ការបញ្ចេញវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់តំបន់អឺរ៉ុប​។​

​លោកស្រី Stella Kyriakides ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកផ្នែកសុខភាព បានថ្លែង បន្ទាប់ពីកិច្ចប្រជុំរបស់តំណាងរដ្ឋជាសមាជិក និងក្រុមហ៊ុន​ ថា ការប្រកាសរបស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត​ មិនអាចទទួលយកបានទេ ចំពោះសហគមន៍អឺរ៉ុប​។ សហភាពអឺរ៉ុប នឹងចាត់វិធានការណាមួយដែលចាំបាច់ ដើម្បីការពារពលរដ្ឋ និងសិទ្ធិរបស់ខ្លួន​។

ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ អំពីសកម្មភាពអ្វីដែលក្រុងប៊្រុចសែល អាចនឹងធ្វើនោះទេ។ ប៉ុន្តែលោកស្រីបានថ្លែងថា ទីក្រុងប៊្រុចសែល នឹងស្នើឲ្យមាន​យន្តការ ប្រកបដោយតម្លាភាព សម្រាប់តាមដានការដឹកជញ្ជូនវ៉ាក់សាំង ដែលនាំចេញពីសហភាពអឺរ៉ុប ទៅកាន់ប្រទេស ដែលមិនមែនជាសមាជិក។

ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានថ្លែងថា ​ក្រុមហ៊ុននឹងមិនអាចបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការចែកចាយវ៉ាក់សាំង តាមកិច្ចសន្យារបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបានទេ។ បញ្ហានេះក៏ដោយសារតែចំនួន នៃការផលិត មានការថយចុះ ដែលមិនអាចពន្យល់ហេតុផលបានទេ។

បញ្ហានេះបានកើតឡើង ប្រហែល១សប្ដាហ៍ ក្រោយពេលក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក «Pfizer» បានថ្លែងថា ក្រុមហ៊ុននឹងកាត់បន្ថយជាលើកដំបូងនូវចំនួន​ការផលិតវ៉ាក់សាំងចែកចាយរបស់ខ្លួន ដែលបានសហការផលិតជាមួយនឹងក្រុមហ៊ុនឱសថអាល្លឺម៉ង់  BioNTech ។

ដោយឡែក ប្រទេសឥណ្ឌាវិញ ​ទំនងជាចំណាយលើវិស័យសុខាភិបាល កើនឡើងទ្វេដង ចំពោះឆ្នាំសារពើពន្ធ នៅឆ្នាំក្រោយ បន្ទាប់​ពីការបង្កើនលើការចំណាយ នៅក្នុងវិស័យនេះ រហូតដល់ទៅ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDB) នៅក្នុងរយៈពេល ៤ ឆ្នាំខាងមុខ៕