ការស្វែងរកស្នេហាពិតមិនមែន ជារឿងងាយស្រួលទេ ប៉ុន្ដែក៏មិនមែនជារឿងហួសសមត្ថភាពនោះដែរ សម្រាប់នារីៗទាំងឡាយដែលចង់បានបុរសល្អមកធ្វើជាគូអនាគត។ ខាងក្រោមនេះនឹងបង្ហាញប្រាប់មិត្តនារីៗយើងពីចំណុចដែលគួរពិចារណាក្នុងការស្វែងរកស្នេហាពិត៖


១. កុំដាក់លក្ខខណ្ឌខ្ពស់ពេក៖ ដូចជាត្រូវការកំណត់ថាបុរសម្នាក់នោះត្រូវតែស្រស់សង្ហា ដូចតួកុន ជាអ្នកមានទ្រព្យសម្បត្តិ ទាល់តែបែបហ្នឹងបានយក បើមិនបានទេសុខចិត្តនៅព្រៅជាដើម។ អ្នកត្រូវចាំថា គ្មានបុរសណាល្អឥតខ្ចោះនោះទេ។
២. បើកឱកាសឱ្យខ្លួនឯង៖ បើចង់មានស្នេហាមិនត្រូវបង្ខាំងខ្លួនឯងឱ្យនៅតែក្នុងផ្ទះនោះទេ ដោយមិនព្រមចេញទៅក្រៅ មិនមានទំនាក់ទំនងសង្គម តើមានអ្នកណាគេឃើញយើង បើចេញពីផ្ទះទៅកន្លែងធ្វើការ ហើយស្គាល់តែអ្នកនៅក្នុងធ្វើការតែមួយកន្លែងនោះ។
៣. ប្រយ័ត្នបុរសមានម្ចាស់រួចហើយ៖ បុរសដែលមានប្រពន្ធកូនរួចហើយ ចាត់ទុកជាប្រភេទគ្រោះថ្នាក់លេខ១ដែលស្រ្ដីនៅលីវទាំងឡាយមិនគួរចូលទៅពាក់ពន្ធ ព្រោះល្បិចកលរបស់ពួកគេមានច្រើន អាចធ្វើឱ្យអ្នកងាយនឹងស្លុងអារម្មណ៍។
៤. ចេះប្រមាណខ្លួន៖ គឺជាអង្គប្រកបដ៏សំខាន់បំផុតក្នុងការកំណត់លក្ខខណ្ឌ ព្រោះវាអាចកំណត់លទ្ធភាពបាន ឬមិនបានរបស់លក្ខខណ្ឌដែលអ្នករំពឹងទុក។ បើអ្នកជាស្រ្ដីមានមុខមាត់ធម្មតាប៉ុន្ដែលក្ខខណ្ឌបុរសក្នុងក្ដីស្រមៃរបស់អ្នកគឺខ្ពស់ជាងមុខមាត់ វាអាចនឹងទៅរួចហើយប៉ុន្ដែពិបាកបន្ដិច។
៥. គិតដល់សម្ពន្ធភាពដែលខុសប្លែកគ្នារបស់បុរសស្រ្ដី៖ ស្រ្ដីត្រូវការក្ដីស្រឡាញ់ ប៉ុន្ដែបុរសវិញត្រូវការការថ្នាក់ថ្នមបបោសអង្អែលហើយនៅពេលនឹកគិតដល់សម្ពន្ធភាពស៊ីជម្រៅ ដូច្នេះ ស្រ្ដីទាំងឡាយគួរដឹងអំពីតិចនិកទាំងនេះដើម្បីយកចិត្តបុរសដែលជាដៃគូរ៕