ស្រ្ដីនៅក្នុងសម័យនេះ ម្នាក់ៗត្រូវពុះពារបំពេញការងារ កាន់តែធ្ងន់ធ្ងរឡើងដើម្បីសាងនូវភាពជឿជាក់ដល់ជីវិតខ្លួនឯង។ ទម្រាំតែឈានដល់ពេលវេលារៀបការក៏មានអាយុកាន់តែច្រើនឡើង លុះនឹកឃើញចង់មានកូនក៏កាន់តែមានអាយុច្រើន រឿងនេះគួរឱ្យបារម្ភណាស់សម្រាប់ស្រ្ដីគ្រប់រូប។

ដោយសារតែស្ដ្រីជាមាតាដែលមានអាយុច្រើនជាង៣៥ឆ្នាំ ច្រើនតែកើតមានរោគឱកាសនិយមក្នុងពេលពពោះ។ លក្ខណៈបែបនេះវាអាចធ្វើឱ្យកូនក្នុងផ្ទៃកើតមកមានភាពខុសប្រក្រតីផ្នែកខួរក្បាល។ ប៉ុន្ដែការកើតរោគឱកាសនិយមនេះ ស្រ្ដីដែលមានអាយុលើសពី៣៥ឆ្នាំក៏អាចមានមូលហេតុ មកពីស្ថានភាពរាងកាយមុនការពពោះ ដែលចុះខ្សោយក៏អាចថាបាន។ ក្នុងស្ថានភាពនេះ គេប្រទះឃើញច្រើនមានរោគទឹកនោមផ្អែម លើសឈាម និងស្ថានភាពសុកធ្លាក់សចុះទាប។ មាតាដែលមានអាការៈទាំងនេះ ចាំបាច់ត្រូវតែទទួលការថែទាំយ៉ាងជិតដិតបំផុតពីគ្រូពេទ្យ។ ក្រៅពីនេះ កុមារដែលកើតពីអ្នកម្ដាយដែលមានអាយុច្រើន ក៏មានឱកាសប្រឈាមមុខទៅនឹងភាពប្រែប្រួលខុសប្រក្រតី ផ្នែកប្រព័ន្ធពូជក្នុងកម្រិតមួយដ៏ខ្ពស់ផងដែរ។ ដូច្នេះ អ្នកម្ដាយគ្រប់រូបគួរកុំបណ្ដោយខ្លួនយូរពេកក្នុងការយកកូន ព្រោះអាចមានផលប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ និងកូនក្នុងផ្ទៃផងដែរ៕