រាជធានីគួឡាឡាំពួ៖ អ្នកនេសាទវៀតណាមជាច្រើននាក់ បានបើកទូកចូលនេសាទ ដោយខុសច្បាប់ នៅក្នុងដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ី ក៏ត្រូវបានអាជ្ញាធរ នៃប្រទេសនេះ ឃាត់ខ្លួនបានជំនួន១៦នាក់ និងរូបអូសទូកនេសាទចំនួន២គ្រឿង។

បើតាមសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ឆ្មាំសមុទ្ររបស់ប្រទេសម៉ាឡេស៊ី បាន​ឃាត់ខ្លួនអ្នកនេសាទ​វៀតណាម ចំនួន១៦នាក់ និងរឹបអូសទូកចំនួន២គ្រឿង ខណៈពួកគេ​បានចូលនេសាទ ដោយខុសច្បាប់ នៅក្នុងដែនសមុទ្ររប​ម៉ាឡេស៊ី។​​ អ្នកនេសាទវៀតណាមទាំងនោះ ត្រូវបានឃាត់ខ្លួន នៅក្បែររដ្ឋ​ Terengganu ​នាភាគខាងកើតប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

សារព័ត៌មានដដែល បានបន្ដថា ក្រោយការឃាត់ និង​ឆែកឆេរទូកនេសាទវៀតណាមទាំង២គ្រឿងនោះ អាជ្ញាធរម៉ាឡេស៊ីបានរកឃើញ​អ្នកនេសាទចំនួន១៦នាក់ ហើយពួកគេមិនមានឯកសារបញ្ជាក់អំពីអត្តសញ្ញាណ ឬមានអាជ្ញាប័ណ្ណអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចណាមួយនោះឡើយ។ ករណីនេះ អាជ្ញាធរម៉ាឡេស៊ីបានចាត់ទុកថា ពួកគេបានចូលមកនេសាទដោយខុសច្បាប់ នៅក្នុងដែនសមុទ្ររបស់ម៉ាឡេស៊ី៕