រហូតមលដល់ពេលនេះ ជនខិលខូចនៅតែបន្ដលួចបរបាញ់ និងដាក់អន្ទាក់ លួចចាប់សត្វព្រៃរបស់ប្រទេសកម្ពុជា ធ្វើឲ្យសត្វព្រៃទាំងនោះ បន្ដហិនហោចអស់ ប៉ុន្ដែចាត់ទុកថា សំណាងខ្លាំងណាស់ សម្រាប់ខ្លាឃ្មុំឈ្មោលមួយក្បាល បានជាប់អន្ទាក់របស់ព្រានព្រៃ នៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញ ត្រូវបានក្រុមអ្នកជួយ​សង្គ្រោះ បានដើរល្បាតប្រទះឃើញ ហើយជួយសង្រ្គោះវាឲ្យរួចជីវិត។

បើតាមគេហទំព័រផ្លូវការបណ្ដាញសង្គមហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានផ្សាយថា កាលពី​វេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការល្បាតឆាយអារ៉ែងរបស់យើងបានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាល បានជាប់អន្ទាក់របស់ព្រានព្រៃ នៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ ប៉ុន្ដែភ្លាមៗនោះ ក្រុមល្បាតបានចុចទូរស័ព្ទទៅកាន់ការិយាល័យ នៃអង្គការសម្ព័ន្ធមិោះត្តសត្វព្រៃ ដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញ ដើម្បី​ជួយសង្គ្រោះដល់សត្វខ្លាឃ្មុំរងគ្រោះមួយក្បាលនោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមជួយសង្គ្រោះដឹកនាំ ដោយប្រធានគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃ គឺលោក Nick Marx បានចុះទៅកនា់កន្លែងនោះជាមួយលោក ចិន្តា ​ជាគ្រូពេទ្យសត្វ។ ពួកគាត់ និងក្រុមមន្រ្ដីឧទ្យានុរក្ស នៃស្នាក់ការល្បាតស្ទឹងព្រាត់ បានទៅដល់កន្លែងនោះ នៅម៉ោងប្រហែល៥ព្រឹក ថ្ងៃទី២៣ ខែមករា​។ រីឯ​ខ្លាឃ្មុំនោះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសណ្ដំ រួចហើយបានដោះវាចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែង មុននឹង​ត្រូវបានដោះលែងវាឲ្យវិលចូលទៅក្នុងព្រៃវិញ ព្រោះវា​មានរបួសមិន​ធ្ងន់ធ្ងរនោះឡើយ។

ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិឲ្យគង់វង្ស គឺលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ហើយការបរបាញ់សត្វព្រៃនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ប្រទេសយើងតែប៉ុណ្ណោះ។ បើយើងទាំងអស់គ្នានាំគ្នាជួយថែរក្សាសត្វព្រៃ និងធនធានធម្មជាតិរបស់ប្រទេសយើងឲ្យគង់វង្ស គឺមានន័យថា យើងរក្សាទ្រព្យធនទាំងអស់របស់ប្រទេសដែលជាមរតកដល់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នាផងដែរ៕