បរទេស៖ បើគិតចាប់ពីការផ្ទុះឡើង នៃវីរុសកូរ៉ូណា (ហៅកាត់« កូវីដ១៩») នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មេរោគដ៏កាចសាហាវនេះ កំពុងតែរាត្បាត នៅលើប្រទេស និងដែនដី ចំនួន២១៩ នៅទូទាំងពិភពលោក ដោយមានអ្នកឆ្លង កើនឡើងជិត១០០លាននាក់ និងមានអ្នកស្លាប់ ជាង២លាននាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមករា បានឲ្យដឹងថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ៩៩ ៣២១ ០២០នាក់ ស្លាប់ ២ ១៣០ ២៩៣នាក់ អ្នកព្យាបាលជាសះស្បើយ ៧១ ៣៦៧ ៣៥៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៥ ៨២៣ ៣៧០នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ចំនួន១១០ ៨៧៨នាក់។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះដោយសារ​កូវីដ-១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចលេ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធាមួយនេះ មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ២៥ ៥៦៦ ៧៨៩នាក់ ស្លាប់ ៤២៧ ៦៣៥ នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ចំនួន ១៥ ៣៣០ ៩៤៩នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី តួកគី អាល្លឹម៉ង់ …ជាដើម។

រហូតមកដល់ពេលនេះ អាមេរិកខាងជើង ក្លាយជាតំបន់មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងបន្ដកើនឡើងដល់ ២៩ ២២៤ ៩៧៤នាក់ ស្លាប់ ៦១៨ ១០៩នាក់ និងជាសះស្បើយ ១៨ ១៧៦ ១១៥នាក់។ ប្រទេសដែលមានអ្នកឆ្លងកូវីដច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អឺរ៉ុប ក្លាយជាតំបន់មានអ្នកឆ្លងកូវីដច្រើនលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លង​ ចំនួន ២៨ ៨៨១ ២៦៦នាក់ ស្លាប់ ៦៦២ ២៨៥នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ចំនួន ១៥ ៩៧៦ ២៥៤នាក់។​ ប្រទេសដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ នៅក្នុងតំបន់នេះ រួមមាន រុស្ស៊ី អង់គ្លេស បារាំង…ជាដើម

អាស៊ីជាតំបន់មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ២២ ៥០៤ ៣៥៦នាក់ ស្លាប់៣៦៣ ៥០៦នាក់ និង មានអ្នកព្យាបាលជាសះស្បើយ ចំនួន ២០ ៩២៧ ២៨៤នាក់។ ប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់នេះ រួមមាន ឥណ្ឌា តួកគី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ អ៊ីស្រាអែល បង់ក្លាដែស បាគីស្ថាន ហ្វីលីពីន អារ៉ាប៊ីសាអូឌីត ជប៉ុន ហ្សកដានី…ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់លេខ៤ នៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន ១៥ ២២៦ ៤៣៥នាក់ ស្លាប់ ៤០០ ៦៨៩នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ចំនួន ១៣ ៣៧៤ ០៣៣នាក់។​ ប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល កូឡុំប៊ី អាហ្សង់ទីន ប៉េរូ …ជាដើម។

អាហ្វ្រិក ជាតំបន់មានអ្នកឆ្លងកូវីដ១៩ ច្រើនលំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង ចំនួន ៣ ៤៣៣ ៤០៥នាក់ ស្លាប់ ៨៤ ៦១៦នាក់ និងមានអ្នកព្យាបាលជាសះស្បើយ ចំនួន ២ ៨៧៩ ០៥២នាក់។​ ប្រទេសដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ នៅក្នុងតំបន់នេះ រួមមាន ប្រទេសអាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ ទុយនេស៊ី អេហ្ស៊ីប…ជាដើម៕