នារដូវក្តៅ អាកាសធាតុមិនសូវល្អ សត្វភាគច្រើនអន់ចំណី ដែលធ្វើឱ្យសត្វបាក់កម្លាំងចុះទន់ខ្សោយទៅជាឈឺ ។
រោគសញ្ញា ៖
– សត្វចុះទម្ងន់
– សត្វមានសម្បុរស្រអាប់
– សត្វខ្សោយទ្រុឌទ្រោម
– សត្វស្ញោរៗ

មូលហេតុ ៖
– ចំណីមិនសូវមានគុណភាព
– ជំងឺឆ្លងផ្សេងៗ
– ឱ្យសត្វធ្វើការហួសកម្លាំងពេក
– មានព្រូន
– អាកាសធាតុក្តៅ
– ជំងឺក្រពះ
– ឱ្យសត្វស៊ីចំណីមិនទៀងទាត់
– គ្រុនក្តៅ

វិធានការការពារ ៖
នៅរដូវក្តៅ បើគុណភាពចំណីមិនសូវល្អ យើងគួរបន្ថែមចំណីដែលមានជីជាតិ ដើម្បីឱ្យសត្វស៊ីស្មៅបានច្រើន ។

វិធីធ្វើរួមមាន ៖
១. យកផ្លែស្រម៉ទុំ៥គីឡូក្រាម កន្ទួតទុំ៥គីឡូក្រាម និងអំបិល៦ខាំកិនបញ្ចូលគ្នា
២. ដាក់ផ្លែដែលកិនហើយក្នុងធុងមួយ
៣. ចាក់ទឹកនោមគោចំនួន១៥លីត្រចូលបន្ថែម
៤. ទុកឱ្យវាឡើងមេ រយៈពេល២០ថ្ងៃ នៅពេលដែលវាឡើងមេហើយ បញ្រ្ចកឱ្យសត្វកន្លះលីត្រ មួយដងក្នុង១ថ្ងៃ រហូតដល់វាស៊ីស្មៅវិញ ។

វិធីព្យាបាល៖
– លាយទឹកផ្លែអំពិលទុំកន្លះគីឡូ និងផ្លែស្រម៉ស្ងួតចំនួន១០គ្រាប់ ។ បើសត្វពេញវ័យបញ្រ្ចកម្តងក្នុង១ថ្ងៃ រហូតដល់វាស៊ីស្មៅធម្មតា ។ ចំពោះសត្វតូច បញ្រ្ចកតែចំនួន២០០មីលីលីត្រទេ ។
– លាយទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ ទឹកប្រហែល៥ស្លាបព្រាបាយ និងម្សៅកំពឹស ឬបង្គាបុក ចំនួនកន្លះខាំ ឱ្យសត្វស៊ីម្តងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ ។
– បុកវល្លិ៍បណ្តូលពេជ្រ ចំនួន១ខាំ និងមើមរំដេង១ខាំ ហើយលាយជាមួយបាយ២ខាំ ។ ពូតវាជាដុំល្មមៗ ហើយបញ្រ្ចកឱ្យសត្វស៊ីមួយដងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ៕