ការស្ទង់មតិមួយបង្ហាញថាក្រុមហ៊ុននៅប្រទេសជប៉ុនបានស្នើសុំនិយោជិកយ៉ាងតិច ១៨.០០០ នាក់ ឲ្យចូលនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីឆ្នាំមុន ខណៈមេរោគឆ្លងកូរ៉ូណា ញាំញីដល់ពាណិជ្ជកម្ម។ ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko និយាយថាក្រុមហ៊ុនចុះបញ្ជីចំនួន ៩៣ ក្រុមហ៊ុនបានផ្តល់កញ្ចប់ចូលនិវត្តន៍មុនពេលកំណត់ឬស្ម័គ្រចិត្តនៅឆ្នាំ ២០២០ ។

នោះគឺមានចំនួន ២,៦ ដងនៃតួលេខសម្រាប់ឆ្នាំ ២០១៩ ។ ក្រុមហ៊ុនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងវាយនភ័ណ្ឌ ចង់កាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេដោយមាន ១៨ ក្រុមហ៊ុនផ្តល់ការចូលនិវត្តន៍មុនពេលកំណត់។ បន្តមកមានឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិច ដោយមានក្រុមហ៊ុនចំនួន ១១ នៅក្នុងវិស័យនីមួយៗ។ ប្រតិបត្តិករភោជនីយដ្ឋានចំនួន ៧ និងចំនួនក្រុមហ៊ុនលក់រាយ បានធ្វើដូចគ្នានេះដែរ។

ក្រុមហ៊ុនស្រាវជ្រាវនិយាយថាឆ្នាំនេះមានក្រុមហ៊ុនចំនួន ២២ បានចាប់ផ្តើមស្វែងរកបុគ្គលិកដែលមានបំណងចូលនិវត្តន៍ដោយស្ម័គ្រចិត្ត។ ចំនួននេះកើនឡើង ៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវនិយាយថាស្ថានភាពការងាររបស់ប្រទេសជប៉ុនអាចកាន់តែយ៉ាប់យ៉ឺនថែមទៀតប្រសិនបើជំងឺរាតត្បាតកាន់តែរាលដាលច្រើនឡើង ។