ស្ពៃក្រញាញ់ ជាដំណាំដែលអាចដាំដុះបានគ្រប់រដូវតែកសិករខ្មែរយើងនិយមដាំដុះច្រើននិងល្អបំផុតគឺ នៅរដូវរំហើយចាប់ពីខែ តុលា វិច្ឆិកា និងធ្នូ ។ ស្ពៃក្រញាញ់ គេច្រើនយកវាទៅធ្វើម្ហូបដូចជា ឆា ស្ងោរ ឬធ្វើជាអន្លក់ស្រស់ជាដើម ។

ការជ្រើសរើសពូជ ៖
– ត្រូវរើសពូជដែលមានប្រវត្តិច្បាស់លាស់
– គ្រាប់ពូជដែលអាចដុះបានចាប់ ពី ៨០% ឡើងទៅ
– គ្រាប់ពូជមានសុខភាពល្អ ថ្លោសល្អ មិនស្វិត គ្មានការប្រេះស្រាំ
– ពូជលូតលាស់ រយៈពេលខ្លី ស្របនឹងតំបន់ដាំដុះ
ការដាំដុះ៖

ក . ការសាប
– មុនពេលសាបកូនត្រូវរៀបចំថ្នាលជ្រុំជ្រួយដី រាស់កៀ ឱ្យស្មើ លើករងបានល្អ
– ដាក់ជីកំប៉ុស្ត ឬលាមកសត្វ ៤-៨ បង្គី និងជី ១៥,១៥,១៥ ចំនួន ១០០-១៥០ ក្រាម ( ក្នុង ដី ១០ ម៉ែត្រ បួន ជ្រុង )
– ស្រោចទឹកនៅលើថ្នាលមុនពេលសាបគ្រាប់
– សាបស្តើងៗហើយកាត់ចំបើងខ្លីៗ គ្របពីលើរង រួចស្រោចទឹកម្តងទៀត
– ស្រោចទឹកឱ្យបាន ២ ដង ក្នុង ១ ថ្ងៃ ( ព្រឹក និង ល្ងាច )

ខ . ការដាំ
– នៅពេលវាមានអាយុ ១០ – ១៥ ថ្ងៃ យើងអាចដកយកវាទៅដាំបានហើយតែមុននឹងដកត្រូវបន្ថយការ ស្រោចកូនស្ពៃ ពី ២ – ៣ ថ្ងៃ ដើម្បីឱ្យដើមវារឹង ។ ស្រោចទឹកលើថ្នាលឱ្យសើម ងាយស្រួលក្នុងការដកកូន ដកកូនណាដែលមានដើមធំស្មើគ្នាដាក់ក្នុងកញ្ជើហ៊ុស្លឹកចេក ។ ត្រូវស្រោចទឹកលើរងឱ្យជោគល្អមុនពេល ដាំ ។ ការដាំ ត្រូវដាក់ឫសមួយជំហរកុំឱ្យច្បត់ឫស ឱ្យសោះចន្លោះជួរ ពី ២-២,៥ តឹក និងចន្លោះ គុម្ព ២,៥ តឹក ។
– ត្រូវកាត់ ចំបើង ខ្លីៗ គ្របតាមគល់ស្ពៃ ដើម្បីរក្សាសំណើមដីបានល្អនៅរដូវប្រាំង ។ ស្រោចទឹកនៅលើរង ដែលដាំរួចឱ្យជោគគ្របកូនស្ពៃ ពី ២-៣ ថ្ងៃ ដើម្បីការពារកម្តៅថ្ងៃខ្លាំង ។

គ. ការថែទាំ ៖
ក . ការស្រោចស្រព
– ស្រោចទឹក ពី ៣ – ៤ ដង ក្នុងមួយ ថ្ងៃក្រោយ ពីដាំបាន ៣ – ៤ ថ្ងៃ ដំបូង ( និងនៅរដូវប្រាំង )។
– នៅរដូវវស្សាស្រោចទឹកពេលព្រឹក និងល្ងាចបើភ្លៀងខ្លាំង មានទឹកដក់ តាមរងត្រូវបង្ហូរទឹកចេញដើម្បីកុំឱ្យ ដំណាំរលួយខូច។
– ៧ – ៨ថ្ងៃក្រោយ ស្ទូងដកស្មៅ ចេញអាស្រ័យនឹងការដុះក្នុងរងផ្ទាល់ត្រូវធ្វើដោយ ដៃ ឬដោយចបជីក

ខ . វិធានការការពារ
– ដាំដំណាំចម្រុះកុំដាំដំណាំតែមួយមុខ
– ដាំស្លឹកគ្រៃផ្កាស្បៃរឿងស្នោគោកតាមរបងសួនបន្លែ
– កម្ចាត់ដោយដៃ ពេលសត្វល្អិតតិចតួច ប្រើថ្នាំគីមី ពេលសត្វល្អិត មានច្រើន ប្រើម៉ាឡាចុង ៤ ស្លាបព្រា បាយលាយទឹក ២០ លីត្រ បាញ់ឱ្យសព្វល្អ ( ចំពោះ សត្វ ចៃ )
– ប្រើមេតា ផុស ៣០ សេសេ លាយទឹក ២០ លីត្របាញ់ ឱ្យសព្វល្អ ( ចំពោះ ដង្កូវ យោង ទោង)៕