ជីធម្មជាតិជាជីដែលយើងប្រមូលបានពីធម្មជាតិដូចជា លាមកសត្វគ្រប់ប្រភេទ ស្លឹកឈើស្រស់ ស្មៅ ចំប៉ើង កាកសំណល់ផ្សេងៗពីផ្ទះបាយ ពពួកសណ្ដែកជាដើម។ វត្ថុទាំងនេះគេយកមកផ្សំធ្វើជាជីធម្មជាតិបានយ៉ាងល្អប្រសើរណាស់សម្រាប់ដាក់ដំណាំគ្រប់ប្រភេទ។ ហើយជីធម្មជាតិក៏មានបែងចែកជាបីប្រភេទផងដែរគឺ ជីលាមកសត្វ ជីកំប៉ុស្ដ ជីស្រស់។ ប៉ុន្ដែថ្ងៃនេះយើងមកនាំគ្នាផលិតជីកំប៉ុស្ដគោកទាំងអស់គ្នា។

របៀបធ្វើជីកំប៉ុស្ដគោក
១. វត្ថុធាតុដើម៖ ជីកំប៉ុស្ដគឺជាជីដែលផ្សំឡើងដោយសារធាតុសរីរាង្គផ្សេងៗ ហើយទុកឱ្យបំបែកធាតុ(ពុកផុយ) ក្នុងរយៈពេលកំណត់មួយ មុននឹងយកទៅប្រើ។ វត្ថុធាតុដើមសម្រាប់ផលិតមានដូចជា ស្លឹកឈើ ទន្រ្ទានខែត្រ កំប្លោក ចក អង្កាញ់ …ទឹកនោមសត្វ ចំប៉ើង ស្មៅ អង្កាម ផេះ កាកសំណល់ផ្ទះបាយ លាមកសត្វ និងដីមមោក។
២. របៀបផលិត៖ យើងត្រូវកាប់ចិញ្រ្ចាំស្លឹកឈើ ឬដើមរុក្ខជាតិរួចលាយជាមួយលាមកសត្វក្នុងបរិមាណស្មើគ្នា។ បន្ទាប់មកយកធាតុផ្សំដែលលាយរួចទៅចាក់ក្នុងទ្រុង ឬរណ្ដៅជី រួចស្រោចទឹកឱ្យសើមល្មម។ បើគ្មានរោង ឬរណ្ដៅទេ ជីត្រូវគ្របស្លឹកចេក ឬការ៉ុងចាស់ៗ។ ទុករយៈពេល ៣ទៅ៤ថ្ងៃដើម្បីឱ្យជីឡើងក្ដៅ ប្រសិនបើមិនទាន់ក្ដៅទេ គឺត្រវលាយលាមកសត្វបន្ថែមទៀត។ រួចជ្រួយត្រឡប់ជី និងស្រោចទឹករាល់២ថ្ងៃម្ដងដើម្បីឱ្យខ្យល់ចេញចូល ព្រោះមីក្រូសរីរាង្គមានប្រយោជន៍រស់ក្នុងដី ត្រូវការខ្យល់ដើម្បីដកដង្ហើម។ ទុកក្នុងរយៈពេល១៤ទៅ១៦ថ្ងៃអាចយកប្រើការបានហើយ៕