ខេត្តកណ្ដាល៖ បុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើលំនៅដ្ឋានអ្នកដទៃគ្មានការអនុញ្ញាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋចុះទៅកន្លែងកើតហេតុឃាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។

ជនសង្ស័យឈ្មោះស៊ុយ វណ្ណដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ មានទីលំនៅផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។មានសារធាតុញៀនក្នុងទឹកនោម។ ចំណែកជនរងគ្រោះឈ្មោះ ឈួន ចាន់ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិឃុំខាងលើ។

មុនពេលកើតហេតុ ពេលជនរងគ្រោះ និងក្រុមគ្រួសារកំពុងសំរានលង់លក់នៅផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យបានផ្លោះរបងផ្ទះរបស់ជនរងគ្រោះដោយនៅក្នុងដៃជនសង្ស័យមានកាន់ខ្សែក្រវាត់មួយក្រវី ចុះក្រវីឡើង ព្រមទាំងនិយាយរអ៊ូៗតែម្នាក់ឯង។ ភ្លាមនោះជនរងគ្រោះបានដាស់ប្តីរបស់ខ្លួនឈ្មោះ ប៉ក់ រ៉ាវុធ ឲ្យដេញជនសង្ស័យឲ្យចេញពីផ្ទះរបស់ខ្លួនវិញ តែជនសង្ស័យមិនព្រមចេញទេ បែរជានិយាយគំរាមថា បើអញមានកាំភ្លើងអញនិងសម្លាប់ចោលឲ្យអស់ ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង។ ក្រោយពេលទទួលបណ្ដឹងពីម្ចាស់ផ្ទះតាមទូរស័ព្ទ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង បានចុះទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕