ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានបញ្ហាចម្រូងចម្រាស់មួយដ៏ក្ដៅគកគុកបានកើតឡើងនៅក្នុងវិថីសិល្បខណៈពេលដែលកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 មានទំនាស់ជាមួយម្ចាស់ផលិតកម្ម មហាហង្ស ក៏ដូចជាម្ចាស់ក្រុមហ៊ុនដែលគ្រប់គ្រងលើបវរកញ្ញា លោក អ៊ិន សុភិន។


បន្ទាប់ពីមានរឿងរ៉ាវទំនាស់ពាក្យសម្តីបញ្ចើចបញ្ចើនៅបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏ដូចជាមានការប្រកាសថានឹងដកដំណែងរបស់បវរកញ្ញាខាងលើខណៈពេលដែលម្ចាស់ផលិតកម្មមហាហង្សបានលើកឡើងថា បវរកញ្ញា សេង រដ្ឋា មានចរិតមិនល្អរួច ក៏មានផ្ទុះការវែកញែកជាច្រើនពីសំណាក់មហាជនទូទៅ ក៏ដូចជារង់ចាំការស្រាយបំភ្លឺពី បវរកញ្ញា សេង រដ្ឋា  ប៉ុន្តែនាងក៏បានធ្វើការប្រកាសថានឹងលាលែងពីតំណែង ក៏ដូចជាមិនព្រមទៅចូលខ្លួនដោះស្រាយនោះឡើយ ដោយនាងរង់ចាំតែការធ្វើសន្និសីទកាសែតតែមួយមុខប៉ុណ្ណោះ។


ស្រាប់តែថ្ងៃទៅ២២ ខែ មករា ឆ្នាំ២០២១ ម្សិលមិញនេះ នៅលើគណនីផេករបស់ក្រុមហ៊ុន Miss Grand Cambodia បានធ្វើបង្ហោះជាសារធារណៈនិងបានស្នើរសុំឲ្យបវរកញ្ញា សេង រដ្ឋា ចេញមុខមកដោះស្រាយរឿងរ៉ាវកុងត្រាជាមួយគ្នា ដោយបានសរសេរសារមួយភ្ជាប់ជាមួយនឹងលិខិតជូនដំណឹង ក៏ដូចជាលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិមួយថា “ដោយសារមើលឃើញថាកញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយដោយសន្តិវិធីតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុននោះទេ ពេលនេះមេធាវីខាងក្រុមហ៊ុនបានចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ជាលើកទី២ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ រសៀល មកជួបនៅការិយាល័យ ផលិតកម្ម មហាហង្ស ដើម្បីរកដំណោះស្រាយរួមគ្នាដោយសន្តិវិធី ពីព្រោះតែក្រុមហ៊ុនមិនចង់អោយមានរឿងវែងឆ្ងាយ ប្រសិនបើកញ្ញា សេង រដ្ឋា នៅតែមិនផ្តល់កិត្តិយសជូនក្រុមហ៊ុនដើម្បីចូលខ្លួនមកសម្របសម្រួលទេ ក្រុមហ៊ុននឹងធ្វើការ តាមនិតិវិធីផ្លូវច្បាប់។
បញ្ជាក់: រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួលយើងនឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការនេះ “៕