ខេត្តកំពង់ឆ្នាំង៖ ជនជាតិវៀតណាម ប្តីប្រពន្ធ២នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេ យ៉ាំងឡើយ អាយុ២៧ឆ្នាំ (ជាប្តី) និងម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំ ជាប្រពន្ធ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះរកឃើញ ថ្នាំញៀន៩កញ្ចប់ , ដាវ៣ , ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន , លុយចំនួ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអលង្ការកាឡៃមួយចំនួនផងដែរ។ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕