រាជធានីភ្នំពេញ ៖ នារីម្នាក់ បានជិះម៉ូតូធំដើរលេងទាំងកណ្តាលយប់អធ្រាត្រ ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅប៉ះរបាំងថ្ម បណ្ដាលឱ្យដួលបោកនឹងថ្នល់ បាក់ជើងខាងឆ្វេង ត្រូវរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចផ្លូវកោង មុខភោជនីយដ្ឋានសូល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរូបស្អាតម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក M-Slaz ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HX-6974 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើបោះពួយយ៉ាងលឿន ក្នុងទិសដៅពីកើតមកលិច ។ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង រួមផ្សំទាំងនារីខាងលើខ្វះការប្រុងប្រយ័ត្នផង បានជ្រុលទៅបុកជាមួយរបាំងថ្ម បណ្ដាលឱ្យដួលបោកបាក់ជើងខាងឆ្វេង ។

ប្រភពបន្តថា ពេលនោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ចូលទៅជួយលើគ្រានារីរងគ្រោះដាក់អែបខាងផ្លូវ ហើយទាក់ទងរថយន្តហៅសង្គ្រោះសង្គ្រោះ មកដឹកបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ។ ចំណែក ម៉ូតូរបស់នាងត្រូវបានសមត្ថកិច្ច ចុះមកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំប្រគល់ឲ្យម្ចាស់វិញ៕