ខេត្តកណ្ដាល៖ បុរសកំណាចម្នាក់ឃើញ​ក្មេងស្រី​ជិះកង់ត្រឡប់ចេញពីសាលារៀត ​យកកាំបិតផ្គាក់គប់ទៅរកនាង ហើយ​ស្រែកគំរាមដុតផ្ទះរបស់នាងថែមទៀត ធ្វើឲ្យក្មេងស្រីនោះភ័យខ្លាច ហើយប្រាប់ឪពុកម្ដាយឱ្យប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួន។ ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

​មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនបង្ក ឈ្មោះ ស៊ន រតនា (ហៅទន់) ​អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន​លំនៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ក្រៅពីឃាត់ខ្លួនជនសង័្សយនោះ​ សមត្ថកិច្ចក៏ដកហូតបាន​​កាំបិតផ្គាក់​ ១។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ បូរិន ស្រីលីន  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន​លំនៅក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃកើតហេតុ​ ជនបង្ក​បានផឹកស៊ី​ រហូតស្រវឹងជោកជាំ ហើយបានយកកាំបិតផ្គាក់ទៅកាប់គ្រែ និងទូរទស្សន៍របស់ម្ដាយខ្លួន ហើយ​​ស្រែកសម្លុត និងគំរាមម្ដាយរបស់ខ្លួន រហូតធ្វើឱ្យគាត់​ភ័យខ្លាចយ៉ាងខ្លាំង។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំទៅកាន់​ប៉ុស្ដិ៍នគរបាលរដ្ឋបាល។ ប៉ុន្ដែស្រ្ដីជាម្ដាយ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចអប់រំ និងណែនាំដល់ជនសង័្សយ ហើយឲ្យគេធ្វើកិច្ចសន្យាបញ្ឈប់បង្កហិង្សា នៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាល។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលអប់រំ និងឲ្យធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចបានអនុញ្ញាតឲ្យជនសង័្សយត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែជននេះនៅតែមិនរាងចាល ហើយ​បន្ត​ផឹកស៊ីស្រែកឡូឡា និងចាក់ធុងបាស់ឮៗ បង្កការរំខានដល់អ្នកជិតខាងបន្ថែមទៀត។ លុះមកដល់វេលាម៉ោង​១សៀល ថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះបាន​ត្រឡប់មកពីសាលារៀនវិញ ហើយជិះកង់កាត់មុខជនសង័្សយ ធ្វើឲ្យគេនឹកឃើញរឿងទំនាស់គ្នាជាមួយនឹងឪពុកម្ដាយរបស់នាង ក៏ផ្ទុះកំហឹងឡើង។

ប្រភពព័ត៌មានដដែល បានបន្ដថា ឃើញបែបនេះ ជនបង្កបានស្ទុះទៅទាញកាំបិតផ្គាក់គប់សំដៅទៅលើក្មេងស្រីរងគ្រោះ។ រីឯកាំបិតនោះបានហោះទៅខុសគោលដៅ ទើបមិនបានបង្កឲ្យនាងរងរបួស។ ប៉ុន្ដែគ្រាន់តែធ្វើឲ្យក្មេងស្រីរងគ្រោះ មានការភិតភ័យតែប៉ុណ្ណោះ។ បន្ទាប់មក ជនបង្កបានស្រែកគំរាមដុតផ្ទះរបស់ក្មេងស្រីរងគ្រោះ ធ្វើឲ្យនាងកាន់តែភ័យ ហើយរត់ប្រាប់ឪពុករបស់នាង។​

ក្រោយពេលឃើញសកម្មភាពរបស់ជនសង័្សយ បង្កនូវអំពើហិង្សាបែបនេះ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្វាយប្រទាល។ បន្ទាប់ពីមានពាក្យបណ្ដឹង នៅក្នុងដៃរួចហើយ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ និងដកហូតកាំបិតផ្គាក់ ហើយ​នាំខ្លួន​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕