ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ។

អំបិល-ក្រូចឆ្មារ៖ លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។

ប្រទាលកន្ទុយក្រពើ៖ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។

ម៉ាស់ផ្លែឈើ៖ កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

ប្រេងដូង៖ ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។

ចេកទុំ៖ កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។
ទឹកឃ្មុំ៖ ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។

Vaseline-ទឹកក្រូចឆ្មារ៖ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក៕