healthy and junk food concept - woman with fruits rejecting hamburger and cake

អាហារទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៍ដល់រាងកាយតែការតមអាហារនៅតែមាន។ មនុស្សមួយចំនួន សុខចិត្តបង្អត់អាហារពេលព្រឹក ឬល្ងាចខ្លួនឯង ព្រោះតែខ្លាចលើសជាតិខ្លាញ់ ឬស្ករដែលបង្កផលប៉ះពាល់ដល់សុខភាព។ ការពិតទៅបើអ្នកគ្រាន់តែស្វែងយល់បន្តិចថា អាហារណាគួរញ៉ាំពេលណា និងពេលណាគួរចៀសវាង អ្នកក៏មិនចាំបាច់ធ្វើបាបខ្លួនឯងទៀតដែរ។ សូមណែនាំអាហារ ៦មុខ ជាមួយពេលវេលាដែលស័ក្តិសមគួរញ៉ាំ និងពេលវេលាដែលគួរចៀសវាង។

១. ផ្លែប៉ោម គួរទទួលទានពេលព្រឹក
ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន(Pectin)ជាសារធាតុស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែលកាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជាជំងឺមហារីក។ គួរចៀសវាងទទួលទាន ពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្កឲ្យមានការឈឺក្រពះ។ ម្យ៉ាងទៀត ប៉ិចទីននឹងបន្ថែម សម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញ៉ាំនៅពេលយប់។

២. ចេក គួរទទួលទានពេលថ្ងៃត្រង់
ព្រោះចេកជាប្រភេទផ្លែឈើដែលសម្បូរនូវជាតិសរសៃ ហើយក៏ជាអ្នកសម្រួលដល់ការរំលាយអាហារដែរ។ មិនត្រឹមតែប៉ុណ្ណោះចេកជាឱសថធម្មជាតិ ដែលអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ និងបន្ថយអាការៈចុកឆ្អល់ចុងដង្ហើមផងដែរ។ គួរចៀសវាងទទួលទាននៅពេលយប់ ព្រោះការទទួលទានផ្លែចេកពេលយប់ អាចបណ្តាលឲ្យមានការកកើតឡើងនូវសំបោរ ឬស្លេស្មជាដើម។ ប្រសិនបើអ្នកញ៉ាំនៅពេលពោះទទេ អាចមានការប៉ះពាល់ដល់ក្រពះ ព្រោះវាជាប្រភពនៃម៉ាញេស្យូម។

៣. ក្រូច គួរទទួលទានពេលថ្ងៃ
ព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបញ្ចេញជាតិពុល និងបង្កើនការធ្វើមេតាបូលីស។ គួរចៀសវាងទទួលទានពេលព្រឹក ឬពេលទើបភ្ញាក់ពីគេង ព្រោះការញ៉ាំពេលពោះទទេ អាចបង្កឲ្យមានការចេញទឹកអាស៊ីតក្រពះកាន់តែច្រើន និងអាចឈានដល់ការរលាកក្រពះ។

៤. ទឹកដោះគោ គួរទទួលទានពេលយប់
ទឹកដោះគោក្តៅឧណ្ហៗ អាចជួយសម្រួលការធ្វើការរបស់រាងកាយក៏ដូចជាជួយអ្នកឲ្យគេងលក់ស្រួលផងដែរ។ គួរចៀសវាងទទួលទានពេលព្រឹក ជាពិសេសបើអ្នកមិនមានការធ្វើលំហាត់ប្រាណ ដោយហេតុថា វាអាចឲ្យអ្នកពិបាកក្នុងការរំលាយអាហារ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារថែមទៀតផង។

៥. ឈីស គួរទទួលទានពេលព្រឹកព្រលឹម
សម្រាប់អ្នកដែលមិនញ៉ាំសាច់ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសសាច់។ បើញ៉ាំឈីសក្នុងបរិមាណសមល្មមនោះវាអាចបង្ការនូវការឡើងទម្ងន់។ គួរចៀសវាងទទួលទានពេលយប់ ផលវិបាកចម្បងជាងគេ គឺបញ្ហាក្នុងការរំលាយអាហារ និងឡើងទម្ងន់។

៦. សាច់ គួរទទួលទាន ពេលថ្ងៃត្រង់
ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន ដែលជួយបង្កើនកម្លាំង និងភាពរឹងមាំដល់រាងកាយ ព្រមទាំងជួយដាស់អារម្មណ៍ និងស្មារតីឲ្យមានភាពស្រស់ថ្លា។ គួរចៀសវាងទទួលទានពេលយប់ ព្រោះសាច់ជាអាហារពិបាកក្នុងការកិនបំបែក និងត្រូវចំណាយពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក និងអាចធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង។

ប្រាកដណាស់ថា អ្នកណាក៏មិនអាចគេចផុតពីការញ៉ាំអាហារទាំង៦ នេះដែរ ដូចនេះគួរចាប់ផ្តើមកែប្រែទម្លាប់នៃការញ៉ាំដោយគោរពតាមពេលវេលា ដូចដែលបានណែនាំខាងលើ ដើម្បីទទួលសុខភាពល្អ និងមិនចាំបាច់ហាមឃាត់ខ្លួនឯងតទៅទៀតឡើយ៕