នៅពេលអ្នកឆ្លុះកញ្ចក់ម្តងៗ ចេះតែមានអារម្មណ៍ថាមុខស្ងួត ស្រអាប់ មិនស្រស់ស្រាយ ឬហាក់ដូចជាចាស់ជាងមុនមែនទេ?ប្រហែលជាដល់ពេលដែលអ្នកត្រូវបង្កើនសកម្មភាពបន្ថែមហើយ នោះគឺការម៉ាស្សាមុខ ព្រោះតែគុណសម្បត្តិទាំង៥ខាងក្រោម៖

១. បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍ល្អ
ការម៉ាស្សាមុខ ជាជម្រើសមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ដើម្បីបន្ថយនូវភាពតានតឹង។ ដោយឡែក រយៈពេលនៃការម៉ាស្សាមុខ គឺអាស្រ័យទៅតាមប្រភេទស្បែកនីមួយៗ សម្រាប់ស្បែកមុខខ្លាញ់ ល្អបំផុតក្រោម១០នាទី រីឯស្បែកមុខធម្មតា និងស្ងួត មិនត្រូវម៉ាស្សាលើសពី២០នាទីនោះទេ។ ការម៉ាស្សាមុខ អាចជួយកាត់បន្ថយភាពស្ត្រេស និងបង្កើនអារម្មណ៍ស្រស់ស្រាយ ទោះស្ថិតក្នុងវ័យណាក៏ដោយ។ យោងតាមការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រមួយបង្ហាញថា ការម៉ាស្សាមុខបន្ថយការថប់បារម្ភ និងអាចកែលម្អអារម្មណ៍អវិជ្ជមានមួយចំនួន។ លើសពីនេះ ការធ្វើតេស្តចិត្តសាស្ត្រនៅឆ្នាំ២០០៨ ក្នុងរយៈពេល៤៥នាទីនៃការម៉ាស្សាមុខ បង្ហាញថាវាជួយកែលម្អទាំងអារម្មណ៍ និងកម្រិតនៃការថប់បារម្ភ។ ម៉្យាងទៀត ការសម្រាកក្នុងពេលម៉ាស្សាមុខ អាចចាត់ទុកជាពេលមួយដែលអ្នកអាចកាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។

២. បង្កើនលំហូរ និងជម្រាប
ជាក់ស្តែង ការម៉ាស្សាជួយសម្រួលឲ្យសរសៃឈាមដំណើរការបានល្អ មិនថាជាការម៉ាស្សាដងខ្លួនទាំងមូល ឬម៉ាស្សាមុខ។ ដោយហេតុថា ការម៉ាស្សាជួយបង្កើនលំហូរនៃឈាម និងអុកស៊ីសែននៅលើផ្ទៃមុខ។ ចំណុចល្អបំផុតនៅលើមុខរបស់អ្នកដែលចាំបាច់ត្រូវការម៉ាស្សានោះគឺ នៅជុំវិញមាត់ ភ្នែក និង ចិញ្ចើម។ ការម៉ាស្សាដែលគ្រាន់តែជាការភ្ញោចចរន្តឈាមនោះ អាចត្រឹមជាការអង្អែលថ្នមៗ និងលុញចុះឡើង នោះផ្ទៃមុខរបស់អ្នកមើលទៅមានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះ វាអាចជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដទៃទៀតឲ្យជ្រាបចូលស្បែកងាយស្រួល។ ចាប់ផ្តើមដោយអ្នកគ្រាន់តែចំណាយពេលបន្តិចបន្តួចសម្រាប់ខ្លួនឯងនៅផ្ទះជារៀងរាល់យប់មុនពេលចូលគេង លាងសម្អាតមុខឲ្យស្អាត ប្រើសឺរ៉ូម និងក្រែមលាបស្បែកមុខ ហើយធ្វើការម៉ាស្សាថ្នមៗ ជាការស្រេច។

៣. ការពារភាពជ្រីវជ្រួញ
ស្ត្រេសប្រចាំថ្ងៃញឹកញាប់ ជាលទ្ធផលនៃការកើនឡើងនូវភាពតានតឹងក្នុងសាច់ដុំ ពិសេសនៅលើផ្ទៃមុខ។ ការម៉ាស្សាមុខ ជួយឲ្យសាច់ដុំនៅទីតាំងទាំងនោះសម្រាក បន្ថយស្នាមដែលវាបានបង្កើតឡើង។ អ្នកអាចអនុវត្តជាមួយការផ្តល់សំណើម ក៏អាចជួយបន្ថយស្នាម និងភាពស្ងួតនៅលើស្បែកមុខបានផង ដែរ។ នៅពេលសាច់ដុំមុខសម្រាក នោះជាលទ្ធផលអាចកាត់បន្ថយស្នាមជ្រីវជ្រួញរបស់អ្នកបាន។ វារឹតតែពិសេសសម្រាប់អ្នកដែលមានអាយុចាប់ពី៤០ឆ្នាំ ដែលស្បែករបស់ពួកគាត់ភាគច្រើនចាប់ផ្តើមបាត់បង់ភាពរលាស់ ហើយសាច់ដុំថយចុះនូវភាពរឹងមាំបន្តិចម្តងៗ។

៤. បន្ថយការស្ទះ
ការព្យាបាលដោយការម៉ាស្សាអាចជួយបន្ថយសញ្ញាអាល្លែកហ្ស៊ី ដូចជាការស្ទះប្រហោងឆ្អឹងសងខាងច្រមុះ។ ការកើនឡើងស្លេស្មក្នុងប្រហោងឆ្អឹងសងខាងច្រមុះ អាចជាលទ្ធផលធ្វើឲ្យមានសម្ពាធ និងឈឺក្បាល។ ចំហាយទឹក និងការម៉ាស្សាថ្នមៗជួយដល់ចលនានៃការបញ្ចេញ សម្រួលកម្រិតការបង្ហូរ និងបន្ថយការកកស្ទះ។អ្នកអាចជួបពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការស្ទះធ្ងន់ធ្ងររហូតដល់រលាកជាដើម។

៥. កម្ចាត់មុន
ប្រេងនៅលើស្បែកមុខភាគច្រើនស្ទះតាមរន្ធរោមដែលវាអាចជាមូលហេតុមួយបង្កឲ្យកើតមុន។ប្រសិនបើអ្នកមានមុនលើស្បែកមុខ ការម៉ាស្សាមុខបន្ថយការកើនឡើងនៃការចេញមុន។ ម៉ាស្សាមុខបណ្តេញមុនដែលបណ្តាលមកពីប្រេង ថែមទាំងរក្សាឲ្យស្បែកមានផាសុកភាព។ ក្នុងពេលជាមួយគ្នានេះផងដែរ អ្នកនៅតែបន្តអនុវត្តរួមគ្នា ជាមួយនឹងការសម្អាតជាប្រចាំឲ្យបានទៀងទាត់៕