មេដឹកនាំសហភាពអ៊ឺរ៉ុប បានព្រមព្រៀងរក្សាព្រំដែនឲ្យនៅបើកចំហ ទោះបីជាមានការរីករាលដាលនៃមេរោគថ្មីនៃវីរុសកូរ៉ូណាក៏ដោយ។ ប៉ុន្តែមេដឹកនាំទាំងនេះ បានបញ្ជាក់ថាការធ្វើដំណើរដែលមិនចាំបាច់នៅក្នុងប្លុកអឺរ៉ុបនេះ គួរតែត្រូវបានរារាំង។ មេដឹកនាំបានបើកកិច្ចប្រជុំកំពូលតាមវីដេអូកាលពីថ្ងៃព្រហស្បតិ៍ក្សិលមិញ។

មេដឹកនាំអឺរ៉ុប បានឯកភាពថាប្រទេសជាសមាជិកមិនគួរបិទព្រំដែនរបស់ខ្លួន ដើម្បីធានាបាននូវដំណើរការផ្សារតែមួយ រួមទាំងលំហូរទំនិញ និងការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាបុគ្គលិកពេទ្យ។ មេដឹកនាំទាំងអស់បានបញ្ជាក់ផងដែរថា ការធ្វើដំណើរដែលមិនចាំបាច់គួរតែត្រូវបានកំណត់ ដើម្បីការពារការរីករាលដាលនៃការឆ្លងមេរោគ ដែលអាចនាំឱ្យមានការបិទព្រំដែន។

ក្នុងកំឡុងពេលនៃការផ្ទុះជំងឺកូវិត-១៩ កាលពីឆ្នាំមុន ប្រទេសមួយចំនួននៅសហភាពអ៊ឺរ៉ុប បានបិទព្រំដែនរបស់ពួកគេដោយគ្មានការសម្របសម្រួលគោលនយោបាយជាមួយសមាជិកដទៃទៀត ដែលបណ្តាលឱ្យមានការរំខានក្នុងការដឹកជញ្ជូនទំនិញសំខាន់ៗ។ មេដឹកនាំអឺរ៉ុប បានពិភាក្សាលើសំណើដើម្បីចេញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងទូទាំងតំបន់អឺរ៉ុប ដើម្បីធានាដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន។

ប្រធានបទនេះត្រូវបានទុកសម្រាប់ការពិភាក្សាបន្តទៀតខណៈដែលមេដឹកនាំមួយចំនួន បានលើកឡើងពីការព្រួយបារម្ភថា ការចាក់វ៉ាក់សាំងកំពុងត្រូវបានអនុវត្តនៅទូទាំងសហភាពអ៊ឺរ៉ុប ហើយគេមិនទាន់ដឹងថាតើវ៉ាក់សាំងនឹងមានប្រសិទ្ធិភាពរយៈពេលយូប៉ុណ្ណានៅឡើយនោះទេ។ បណ្តាប្រទេសជាសមាជិក ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គាំទ្រដល់លិខិតបញ្ជាក់នៃការចាក់វ៉ាក់សាំងដែលបានស្នើសុំ ប៉ុន្តែប្រទេសដទៃទៀតមិនសូវពេញចិត្តនឹងគំនិតនេះទេ។ ការជជែកពិភាក្សានៅក្នុងសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងបន្តរហូតដល់រដូវកាលទេសចរណ៏និទាឃរដូវ។