ភ្នំពេញ៖ ដោយសារឃើញថ្នាក់ដឹកនាំតាមក្រសួង ស្ថានប័ន រហូតដល់ខេត្តស្រុកមួយចំនួន បណ្ដោយឲ្យភរិយាលូកលាន់កិច្ចការរបស់ខ្លួននៅការិយាល័យធ្វើការងារដូចនៅផ្ទះរបស់ខ្លួននោះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំប្រយោលទៅមន្រ្តីធុននោះ កុំឲ្យប្រពន្ធកុំមកឡូកឡំក្នុងបន្ទប់ការងារទៀត ហើយតាមការចំណាំរបស់សម្តេច មន្រ្តីដែលឱ្យភរិយារៀបចំការិយាល័យ ត្រូវបាត់បង់តួនាទីជាច្រើននាក់ហើយ។

ការណែនាំរបស់សម្តេចបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមណែនាំចំពោះថ្នាក់ដឹកនាំយើង ហើយនេះអាចជាតំណម អាចជាបទពិសោធន៍។ ថ្នាក់រដ្ឋមន្ត្រីក្តី ថ្នាក់ចៅហ្វាយខេត្តក្តី ចៅហ្វាយស្រុកក្តី ថ្នាក់ណាក៏ដោយ យកល្អកុំឲ្យប្រពន្ធយើងកុំមកឡូកឡំក្នុងបន្ទប់ការងាររបស់យើង។ ខ្ញុំតាមមើលច្រើនមនុស្សហើយ ដែលគ្រាន់តែឡើងកាន់តំណែងនេះតំណែងនោះប្រពន្ធ ទៅរៀបចំការិយាល័យឲ្យ រៀបចំហុងស៊ុយ។ នៅការិយាល័យកុំ (រៀបចំ) មិនល្អទេ សម្រាប់ភ្នែកបុគ្គលិកនិងមន្ត្រីនៅក្រោមឱវាទ»។

ជាមួយគ្នានោះ សម្តេចក៏បានបញ្ជាក់ដែរថា ភរិយារបស់សម្តេច មិនដែលមើលឯកសាររបស់សម្តេចទេ តាំងពីសម្តេចនៅធ្វើជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្ននេះ៕