ប្រទេសថៃ៖ កូនប្រុសម្នាក់ ជឿថាម្តាយរបស់ខ្លួនបានឈ្នះឆ្នោត ហើយក៏សម្រេចចិត្តចិត្តសុំលុយខ្លះពីម្ដាយតែត្រូវម្ដាយបដិសេធថា មិនបានឈ្នះឆ្នោតនោះទេ កូនប្រុសលឺដូច្នេះមានការខកចិត្តយ៉ាងខ្លាំង ដោយគិតថាម្ដាយកុហកខ្លួន រួចក៏សម្រេចចិត្តយកយកភួយរុំខ្លួនរួចយកដែកកេះដុតឆេះប្រាវ តែសំណាងល្អម្ដាយម្ដាយឃើញទាន់ ក៏រូតរះយកទៅជះពន្លត់ ដោយបច្ចុប្បន្នកូនប្រុសកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairesidents

លោកវរសេនីយ៍ទោ Wanchai Inthip មកពីស្ថានីយ៍ប៉ូលីស Denchai បានប្រាប់ឲ្យដឹងថា ហេតុការណ៌ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុក Denchai ខេត្ត Phrae​ ប្រទេសថៃ។

អ្នកស្រី Pen ​អាយុ៦០ឆ្នាំ ដែលត្រូវជាម្ដាយជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះ Tossapon អាយុ៣២ឆ្នាំ ដោយសព្វថ្ងៃនេះកូនប្រុសមានជំងឺវិកលចរិត ដែលជំងឺនេះតែងតែរើឡើងជាញឹកញយ ដោយតែងតែបង្កការលំបាកដល់គាត់ ក៏ដូចជាអ្នកជិតខាង។ ហើយម្យ៉ាងទៀតលោកស្រីគឺជាអ្នកលេងឆ្នោតដោយជានិច្ចកាលកូនប្រុសតែងតែជឿជាក់ថា ម្តាយរបស់គាត់បានឈ្នះឆ្នោត ដោយលោកស្រីតែងតែប្រកែកមិនដែលឈ្នះនោះទេ ហើយរាល់សន្លឹកឆ្នោតគឺត្រូវបានគេបោះចោល។

លោកស្រីបានរៀបរាប់បន្តទៀតថា ដោយនៅថ្ងៃកើតហេតុលោកស្រី រួមទាំងកូនប្រុសកំពុងតែហូបបាយជុំគ្នា ស្រាប់តែកូនប្រុសក្រឡេកឃើញសន្លឹកឆ្នោតក្នុងធុងសម្រាម រួចស្រវេស្រវាទៅរើសមើល ហើយក៏មកសួរម្ដាយថា មានឈ្នះឆ្នោតដែររឺទេ ខណៈពេលនោះម្ដាយក៏ប្រកែកដាច់អហង្ការថា មិនបានឈ្នះនោះទេ ស្រាប់តែមួយសន្ទុះក្រោយមកក៏ប្រទះឃើញកូនប្រុសត្រូវភ្លើងឆេះពេញខ្លួន រួមទាំងមានភួយនៅរុំពីក្រៅ។

បច្ចុប្បន្នកូនប្រុសរបស់គាត់កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយគ្រូពេទ្យបានប្រាប់ថា ស្ថានភាពរបស់គាត់ពេលនេះមានអាការៈធ្ងន់ធ្ងរណាស់ យ៉ាងហោចណាស់ក៏ត្រូវចំនាយពេល៣ខែឡើងដែរ ដើម្បីតាមដានសុខភាពព្យាបាលឲ្យបានជាសះស្បើយ ៕