ខេត្តតាកែវ ៖ នារីរូបស្អាតវ័យក្មេងម្នាក់ត្រូវកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៩ និង៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខណៈកំពុងធ្វើសកម្មភាពលួចម៉ូតូរបស់គេ នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។

ស្រីស្អាតជើងល្អ ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធី ហៅឆាលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល (រត់គេចខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួននារីសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ថា មានចោរលួចម៉ូតូនៅត្រង់ចំណុចខាងលើ ។ ភ្លាម លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះឃាត់ខ្លួនបាននារីសង្ស័យ ។ ចំណែកបក្ខពួក ឈ្មោះ ធី ហៅឆាលី បានរត់គេចខ្លួន ដោយជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1T-4909 របស់ជនរងគ្រោះឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពបន្តថា ក្រោយពីចាប់ខ្លួននារីសង្ស័យបាន សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាពនោះ ដែលជាម៉ូតូដែលពាក់ព័ន្ធនឹងអំពើលួច កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទី របស់ជនរងគ្រោះឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានស្រុកព្រៃកប្បាស ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទោទោសតាមផ្លូវច្បាប់៕