ខេត្តតាកែវ៖ រហូតមកដល់ពេលនេះ ជរងគ្រោះ ដោយសារអំពើហិង្សា បានស្លាប់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ប៉ុន្ដែ​​​មន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ នៅតែមិនទាន់មានចំណាត់ការលើលោក លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និងគូកន ដែលជាប់សង័្សយជាជនបង្ក ហើយពួកគេនៅតែមានសេរីភាពនៅឡើយ ទើបមហាជនរិះគន់ថា នេះពិតជាអយុត្ដិធម៌ខ្លាំងណាស់។

ជនរងគ្រោះ ឈ្មោះ ភឹម វី រស់នៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ បានរងនូវអំពីហិង្សាពីលោក គឹម សារិទ្ធ ​នាយរងអធិការកិច្ចចតុមុខ និងបក្ខពួករបស់គាត់។ ប៉ុន្ដែជនរងគ្រោះ បានស្លាប់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

អ្នកស្រី យឹម ជ្រឿន ភរិយារបស់សពជនរងគ្រោះ (ភីម វី)  បានប្រាប់អ្នកសារព័ត៌មានថា  ប្តីរបស់គាត់បានស្លាប់ ដោយសារការទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ។ ប៉ុន្ដែរហូត​មកទល់នឹងពេលនេះ គាត់មិនទាន់ទទួលបានសំណងអ្វីសូម្បីមួយរៀល ។ សព្វថ្ងៃនេះ គាត់​កំពុងតែទន្ទឹងរង់ចាំនូវយុត្តិធម៌ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេស ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​។

ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា  លោកបានបញ្ជាឲ្យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវលើករណីនេះហើយ។

ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសាររបស់ជនរងគ្រោះ នៅតែសង្ឃឹមថា តំណាងអយ្យការ នឹងចាត់ការ ក្នុងរឿង​នេះ ហើយស្ថាប័នតុលាការនឹងផ្ដល់​យុត្តិធម៌ជូនជនរងគ្រោះជាក់ជាមិនខាន។

សូមជម្រាបថា ហេតុការណ៍អំពើហិង្សានេះ បាន​កើតឡើង កាលពីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១​នៅចំណុចកោះអញ្ចាញ ស្ថិតក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ បើទោះជាអំពើហិង្សានោះ ត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តឡើង ដោយលោក គឹម សារិទ្ធ ក្ដី ប៉ុន្ដែ​ជនបង្កនៅតែព្យាយាមបដិសេធ ចំពោះសកម្មភាពដែលខ្លួនប្រព្រឹត្ត។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ លោក គឹម សារិទ្ធ បានបកស្រាយថា លោកមិនបានប្រើអំពើហិង្សាទៅលើជនរងគ្រោះនោះទេ ប៉ុន្ដែករណីខាងលើ ជាឧបទ្ទហេតុ នៃទូកបុកគ្នាតែប៉ុណ្ណោះ ៕