រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសារ ត្រូវបានគេរាយការណ៍ច្រឡំថា កូនប្រុសរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក៏​ទៅដឹកសាកសព ទាំងមិនបានពិនិត្យមើលឲ្យល្អិតល្អន់ លុះពេលកំពុងតែធ្វើបុណ្យសព ស្រាប់តែប្រទះឃើញកូនរបស់ខ្លួនដើរត្រឡប់មកផ្ទះវិញ ធ្វើឲ្យ​ភ្ញាក់ផ្អើល ស្មានថាខ្មោចលង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងខណ្ឌដង្កោ។

​ប្រភព​ព័ត៌មាន ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញបុរស​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​ទំនង​ជា​មាន​សតិ​មិនគ្រប់​ ​​ស្លៀក​កន្សែងពោះគោ ដើរ​ឆ្លងផ្លូវ​លេខ៣៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​ពេលគាត់ដើរឆ្លងផ្លូវ​បាន​បន្តិច ​ស្រាប់តែ​រថយន្ត​សណ្តោងទូ​កុងតឺន័រ​មួយ​គ្រឿង ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3934 ​​បើកយ៉ាងលឿន តាមបណ្ដោយ​ផ្លូវ​លេខ៣៧១ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច ​ជ្រុល​ទៅ​បុក ​និងកិន​ជន​រង​គ្រោះ អូស​ចូល​ក្រោម​រថយន្ត​ ចម្ងាយជិត​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​​បែកក្បាល​ ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗ ​បាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម មើលមុខលែងស្គាល់។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបរ​បាន​​ឈប់​រថយន្ដ ​ហើយរត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​កុងតឺន័រ​ចោល​ ​ធ្វើ​ឲ្យកក​ស្ទះ​ចរាចរ​ណ៍រាប់​ម៉ោង នៅទីនោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិរបស់ជនរងគ្រោះ។ រីឯការទាក់ទង​នោះ បានច្រឡំមនុស្ស ហើយអ្នកទៅទទួលនោះ ក៏មិនមែនជាសាច់ញាតិរបស់ជនរងគ្រោះដែរ ហើយអ្នកដែលសមត្ថកិច្ចទាក់ទងទៅនោះ​ ក៏បានមកទទួល ​ទាំងមិនបានពិនិត្យមើលឲ្យដឹងច្បាស់លាស់ថា សាកសពនោះជាកូនរបស់ខ្លួនឬយ៉ាងគិតតែដឹកសពទៅធ្វើបុណ្យ ព្រោះដឹងតែថា កូនប្រុសរបស់ខ្លួន​បានបាត់ពីផ្ទះ​។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់មក ពួកគាត់បានដឹក​សាក​សពនាំ​ទៅ​តម្កល់ទុក​ធ្វើបុណ្យ​ នៅក្នុង​វត្ត​ឫស្សី​សាញ់ ស្ថិតក្នុង​ខណ្ឌដង្កោ។  លុះមកដល់វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​ឈានចូលថ្ងៃ​ទី​២២ ខែមករា ស្រាប់តែ​​បុរស​​ម្នាក់​ដែល​សមត្ថ​កិច្ច​អះអាង​ថា ​បានបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​​​​ចរាចរណ៍​​​​នោះ ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ឲ្យ​សាច់ញាតិ​ភ្ញាក់ផ្អើល​​ នឹកស្មាន​តែ​ខ្មោចលង។ ប៉ុន្ដែ​តាមការ​ពិត គាត់នៅរស់សោះ។ ​ដោយឡែក​​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​​ខាងលើ​​នេះ ក៏ទំនង​​​​​ជាជនមានសតិមិនគ្រប់​។

ទោះ​ជា​យ៉ាងណា​ អ្នក​ដែល​រៀបចំ​ធ្វើបុណ្យ​ច្រឡំ​សព​នោះ​ ក៏នៅ​តែ​បន្ត​ធ្វើបុណ្យ​ នៅ​វត្ត​ឫស្សី​សាញ់​ សម្រាប់​បង្គ្រប់កិច្ច​មួយ​ព្រឹក​ទៀត ​ឲ្យ​ចប់ចុងជាប់ដើម ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ និងញាតកាទាំង៧សន្ដានរបស់ពួកគាត់ផងដែរ។​

ក្រោយពេលកើតហេតុ ​រថយន្ត​កុងតឺន័រ​ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី ​​វាស់វែង​រួចហើយយក​ទៅ​រក្សា​ទុក ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ នៅ​ពេល​ក្រោយ​៕