ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា នៅក្នុងអំឡុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ១៩ ហេតុនេះគឺមិនអាចរង់ចាំបានទៀតនោះទេ ដោយត្រូវតែធ្វើការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក៏ដូចជាស្ម័គ្រចិត្ត។ យ៉ាងណាមិញ វ៉ាក់សាំងមួយប្រភេទដែលនាំយកមកពីប្រទេសចិនឈ្មោះ ស៊ីណូហ្វាម នឹងនាំមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងខែកុម្ភៈ ហើយសម្តេចតេជោនឹងចេញទៅទទួលវ៉ាក់សាំងនោះនៅព្រលានយន្តហោះដោយផ្ទាល់តែម្ដង ជាពិសេសវ៉ាក់សាំងកូវីដ១៩ខាងលើនេះ ជាទំនិញយុទ្ធសាស្ត្រ។

ក្នុងនោះផងដែរសម្តេចតេជោក៏ចង់ស្នើរឲ្យឯកឧត្តម ម៉ម ប៊ុនហេង សាកធ្វើជំរឿនទៅលើប្រជាជនដើម្បីស្វែងរកអ្នកដែលចង់ចាក់ និងអ្នកដែលមិនចង់ចាក់វ៉ាក់សាំង គឺឲ្យឈរលើគោលការណ៍ស្ម័គ្រចិត្ត ហេតុនេះការចាក់វ៉ាក់សាំងកូវីដ១៩ធ្វើឡើងដោយមិនមានការបង្ខិតបង្ខំឡើយ។

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសឲ្យដឹងថារដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដ ១៩ ចំនួន១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណជា ៥០ម៉ឺននាក់ ខណៈវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិននេះនឹងផ្តល់មកកម្ពុជា ជាប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម៕