ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់គប់សំដៅលើក្មេងស្រីសិស្សសាលាម្នាក់ កំពុងជិះកង់ តែសំណាងល្អមិនត្រូវ ធ្វើឲ្យជនគម្រក់នេះ កាន់តែក្តៅស្លឹកត្រចៀក គំរាមដុតផ្ទះក្មេងស្រីរងគ្រោះបន្ថែមទៀត។ លុះក្មេងស្រីរងគ្រោះភ័យ យករឿងនេះប្រាប់ឪពុកម្ដាយ ក៏ទៅប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០នាទី នៅចំណុចភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ បូរិន ស្រីលីន ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ស៊ន រតនា (ហៅទន់) ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន១។

ប្រភពបន្តថា កន្លងមកជនសង្ស័យតែងតែផឹកស៊ីឡូឡា ចាក់ធុងបាសឮៗ បង្កការរំខានដល់ក្រុមគ្រួសារ និងអ្នកជិតខាងជាខ្លាំង ។រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា ១១និង០០នាទីព្រឹក ជនសង្ស័យបានស្រវឹងស្រា ហើយបានយកកាំបិតផ្គាក់ខាងលើ យកមកកាប់គ្រែ និងទូរទស្សន៍របស់ម្ដាយខ្លួន ហើយថែមទាំងស្រែកសំឡុត និងគំរាមម្ដាយរបស់ខ្លួន បណ្ដាលឱ្យម្ដាយភ័យជាខ្លាំង ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ.សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ ហើយស្ត្រីជាម្ដាយបានសំណូមពរឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំត្រឹមប៉ុស្តិ៍បានហើយ ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ធ្វើការអប់រំជនសង្ស័យរួច ខណៈជនសង្ស័យត្រឡប់ដល់ផ្ទះវិញ ជនសង្ស័យមិនគោរព និងធ្វើតាមកិច្ចសន្យារបស់សមត្ថកិច្ចទេ ថែមទាំងបន្តការផឹកស៊ី និងស្រែកឡូឡា និងចាក់ធុងបាសលឺៗ បង្កការរំខានដល់អ្នកជិតខាងបន្ថែមទៀត ។ រហូតមកដល់វេលាម៉ោង ១៣ និង០០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ បូរិន ស្រីលីន (ជនរងគ្រោះ) បានត្រឡប់មកពីសាលារៀនវិញជាធម្មតា ដោយកន្លងមកក្រុមគ្រួសាររបស់ជនសង្ស័យ និងក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាប់មានទំនាស់នឹងគ្នា ខណៈពេលដែលជនរងគ្រោះកំពុងជិះកង់ចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យ បានឃើញជនរងគ្រោះ ក៏បានយកកាំបិតផ្គាក់គប់លើជនរងគ្រោះតែម្ដង ប៉ុន្តែដោយកាំបិតបានទាក់នឹងសំណាញ់របង ទើបមិនបណ្ដាលឱ្យជនរងគ្រោះរងរបួសទេ ហើយថែមទាំងបាននិយាយគំរាមគំហែងរកដុតផ្ទះជនរងគ្រោះថែមទៀតផង ជាហេតុធ្វើឧ្យជនរងគ្រោះភិតភ័យក៏បានយករឿងទាំងអស់ទៅប្រាប់ឪពុករបស់ខ្លួនតែម្តង ហើយឪពុកជនរងគ្រោះដឹងនៅរឿងហេតុខាងលើ ភ្លាមៗនោះក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឲ្យជួយអន្តរាគមន៍ ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការដកហូតវត្ថុតាង និងបាននាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕